ជនជាតិចិនម្នាក់រួមនឹងគ្រឿង.ញៀនជាង៥គីឡូក្រាមត្រូវកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាបនិងឃា.ត់.ខ្លួននៅខុនដូយីហោ” MSK “

32

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រួម​នឹង​គ្រឿងញៀនជាង៥គីឡូក្រាម​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបទីតាំងកែច្នៃ ជួញដូរគ្រឿងញៀននៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ Su Yunshi ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិចិន​ ស្នាក់​នៅ​ទី​តាំង​ខាងលេីនេះ។

ក្នុងប្រតិបត្តិការនោះ​ដែរ​ គឺអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​មន្ទីរ​ប្រឆាំងបទល្មេីសគ្រឿងញៀន​ដែល​យើងទេីប​ទទួល​បាន​នៅថ្ងៃអាទិត្យទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦ៈ៣០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញាច្បាស់លាស់​ រួចបានចុះបង្រ្កាប​ និងឃាត់ខ្លួនមនុស្សម្នាក់​នៅចំណុច​ខាងលេីនេះ​តែម្តង។

ជាក់ស្ដែង​សមត្ថកិច្ចជំនាញ​ចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (WY) ទម្ងន់២គីឡូក្រាម៦៦៦ក្រាម, អុិចស្តាស៊ី (MDMA) ទម្ងន់២គីឡូក្រាម ៦៥១.៥១ក្រាម។ កេតាមីន(KETAMIN) ទម្ងន់២១៩.៣៥ក្រាម, នីមេតាហ្សេប៉ាម(4CEC) ទម្ងន់៣៥.៦៤ក្រាម។

សរុបសារធាតុញៀនទាំងអស់មានទម្ងន់សុទ្ធ៥គីឡូក្រាម៥៧២.៥០ក្រាម, កញ្ឆាក្រៀម៤គីឡូក្រាម៥៤២ក្រាម, សារធាតុផ្សំ១៣គីឡូក្រាម និងឧបករណ៍កែច្នៃមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕