ខេត្តព្រះវិហារ ៖ ជនសង្ស័យចំនួន៧នាក់ ជាប់សង្ស័យជាក្រុមឈ្មួញដីធ្លីដែលនាំយកគ្រឿងចក្រទៅធ្វើសកម្មភាពកា.ប់ទន្ទ្រានឈូសឆាយ ហើយដុតបំផ្លាញដីព្រៃរបស់រដ្ឋមានទំហំធំល្វឹងល្វើយរាប់រយរាប់ពាន់ហិកតា ធ្វើជាកម្មសិទ្ធិ ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺទាក់ទឹននឹងករណីខាងលើ។
ដីកាកោះហៅជនសង្ស័យទាំង៧នាក់ ដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រាន ដោយប្រើគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់នោះ ចេញដោយលោក ថុល គឹមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ដីព្រៃជាប់សង្ស័យថា ជនទាំង៧នាក់ធ្វើការកាប់ទន្ទ្រាន ដោយប្រើគ្រឿងចក្រឈូសឆាយនោះមានទីតាំងស្ថិតនៅចំណុចអូរអន្សមទាន, ត្រពាំងខ្មោច, អន្ទង់.ស, តាម៉ៅ និងភ្នំជ្រាំម្លូរ ស្ថិតក្នុងភូមិឆែបលិច ឃុំឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ រហូតរយៈពេលជាង១០ថ្ងៃពេលបែកធ្លាយចេញក្រៅ ទើបផ្អាកសកម្មភាពតែម្តង ហើយក៏សម្រេចផែនការដែរ។ ឈើធំៗកា.ប់អារដឹកចូលក្រុមហ៊ុននៅជាប់ព្រៃឡង់ អាតូចៗឈូសដុតចោល គួរឱ្យសោកស្ដាយណាស់។\
ជនសង្ស័យទាំង៧នាក់ដែលមានឈ្មោះក្នុងដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺរបស់អយ្យការអមសាលាដំបូងនោះ រួមមាន ៖ ទី១- ឈ្មោះ ឡឹក សារ៉ុន ភេទប្រុស អាយុ៥០ឆ្នាំ។ ទី២- ឈ្មោះធឿន អាត់ ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី៣- ឈ្មោះ ង៉ុយ ចំរើន (ហៅង៉យ ចំរើន) ភេទប្រុស អាយុ៥០ឆ្នាំ។ ទី៤- ឈ្មោះ ស៊ឹម សៀន ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៥- ឈ្មោះ ខន ឌឿត ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី៦- ឈ្មោះ សួន វ៉ានដា ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៧- ឈ្មោះ សៀន ថី ភេទប្រុស អាយុ៣៦ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមានការបែកធ្លាយចេញក្រៅនៅសកម្មភាពកា.ប់ទន្ទ្រានឈូសឆាយ ដោយប្រើគ្រឿងចក្ររួចមក រួមផ្សំនឹងធ្វើបានសម្រេចផែនការជាច្រើនផងនោះ ទើបក្រុមឈ្មួញផ្អាកសកម្មភាព ហើយបានជម្លៀសដឹកគ្រឿងចក្រយកចេញក្រៅអស់ភ្លាមៗផងដែរ។ ទោះបីជា មានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ ឬអាជ្ញាធរក្នុងខេត្តព្រះវិហារ បានចុះទៅរកមើល ក៏រកមិនឃើញដែរ។
ប្រភពនិយាយថា ឈើធំៗទាំងនោះបានដឹកចូលក្រុមហ៊ុនមួយ ដ៏ល្បីល្បីឈ្មោះប្រចាំខេត្តនោះ ហើយចំណែកឈើតូចៗប្រមូលដុតកំទេចចោលទាំងអស់ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែកម្លាំងសមត្ថកិច្ចជំនាញខិតខំស្វះស្វែងស្រាវជ្រាវរកទាល់តែឃើញមនុស្សទាំង៧នាក់ខាងលើ ដែលជាប់សង្ស័យថា ជាអ្នកបានប្រព្រឹត្តសកម្មភាពកា.ប់ឈួសឆាយដីព្រៃខាងលើនោះបានដដែល ហើយឈានដល់ការចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺទៀតផង។
ទាក់ទឹននឹងសកម្មភាពខាងលើនេះ មានមជ្ឈដ្ឋានជុំវិញជាច្រើនកំពុងតែរង់ចាំមើលថា តើប្រព័ន្ធតុលាការ មានចំណាត់ការបែបណា និងដាក់ទោសទណ្ឌកំរិតណានោះទេ…?។ តើមាននណាខ្លះពិតប្រាកដនៅពីក្រោយខ្នង? កំពុងលាក់ជិតនៅឡើយទេ។
បើតាមប្រភពមួយទៀតបានបង្ហើបឱ្យដឹងថា ការកា.ប់ទន្ទ្រាន ដោយប្រើគ្រឿងចក្រឈូសឆាយដីព្រៃនោះ គឺមានឧកញ៉ាម្នាក់ មានលុយ មានអំណាច នៅខេត្តកំពង់ចាម ជាខ្នងបង្អែកពីក្រោយផង ចាំទទួលផល ហើយក៏គេសង្ស័យផងដែរថាអាចមានពាក់ព័ន្ធជាមួយឈ្មួញឈើដ៏ធំម្នាក់ប្រចាំខេត្តកំពង់ចាម និងកំពង់ធំ ដែលយើងមិនអាចសុំការបំភ្លឺបានទេ ។ ពេលណាធ្លាយចេញឈ្មោះច្បាស់លាស់ យើងនឹងផ្សាយជូនពេលក្រោយ ។