ពលរដ្ឋស្រុកសំបូរ ខ្សឹបថា ចំណាយចន្លោះប្រមាណ ២៥,០០០ដុល្លារ ទៅ ៣ម៉ឺនដុល្លារ ដើម្បីបានជាប់ក្របខណ្ឌនគរបាល

38

ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីនគរបាលចំនួន៧៥រូបបន្ថែម ដើម្បីបំពេញការងារនៅតាមអង្គភាពនានា។ ក្នុងនោះអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកបង្កើតថ្មី ក៏ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីនគរបាលទៅបំពេញការងារផងដែរ។

ការប្រលងត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។ បេក្ខជនប្រលងចូលក្របខណ្ឌមន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យមួយរូបបានឱ្យដឹងថា រូបគេបានដឹងលទ្ធផល ហើយត្រូវបានគេទូរស័ព្ទឱ្យទៅបង្ហាញខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

បេក្ខជនរូបនេះ បានឱ្យដឹងថា បេក្ខជនដែលអាចប្រលងបាន តម្រូវឱ្យជាប់បាក់ឌុប ដោយឡែកវិញ្ញាសារវិញ គឺជាការសួរផ្ទាល់មាត់លើចំណេះដឹងទូទៅចំនួនពីរសំណួរប៉ុណ្ណោះ។

បើតាមបេក្ខជនរូប បានឱ្យដឹងថា នៅថ្ងៃប្រលងចូលក្របខណ្ឌនោះ គឺមានបេក្ខជនជាច្រើន ហើយរូបគេរង់ចាំរហូតដល់ម៉ោងជាង ១០ទើបបានចូលប្រលង។

នៅពេលសួរថា តើការប្រលងនេះមានអ្នកជួយសម្របសម្រួល ឬប្រើប្រាស់លុយឬយ៉ាងណា? បេក្ខជនរូបនេះ បានឱ្យដឹងថា រូបគេមិនដឹងនោះទេ គឺឪពុករបស់គេជាអ្នកចាត់ចែង។

ប្រភពពីប្រជាពលរដ្ឋមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ប្រលងចូលក្របខណ្ឌនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ មានកូនចៅប្រជាពលរដ្ឋនៅស្រុកសំបូរចំនួន៨នាក់។ ក្នុងនោះ៧នាក់ ត្រូវបានគេទូរស័ព្ទហៅឱ្យទៅបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ដោយឡែកបេក្ខជនមួយរូបមិនបានជាប់នោះទេ។

បើតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បេក្ខជនដែលជាប់ក្របខណ្ឌចំនួន៧រូប សុទ្ធតែបានចំណាយលុយចន្លោះប្រមាណ ២៥,០០០ដុល្លារ ទៅ ៣០,០០០ដុល្លារ។ បើតាមប្រភពពីប្រជាពលរដ្ឋរូបនេះ បានឱ្យដឹងថា ព័ត៌មានពាក់ព័ន្ធការចំណាយលុយ ដើម្បីទទួលបានក្របខណ្ឌនគរបាលនេះ គឺលោកបានពីអាណាព្យាបាលបេក្ខជន និងបេក្ខជនផ្ទាល់តែម្តង។

ពាក់ព័ន្ធព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ពីស្នងការនគរបាលខេត្តក្រចេះនៅឡើយនោះទេ។ ទោះបីជាយ៉ាងណាព័ត៌មានពាក់ព័ន្ធការផ្តល់លុយ ដើម្បីទទួលបានក្របខណ្ឌនគរបាលជាតិនេះ ត្រូវបានគេទម្លាយថា កើតមានយូរណាស់មកហើយ ហើយមិនមែនតែខេត្តក្រចេះនោះទេ គឺនៅគ្រប់ខេត្តទាំងអស់។

អំពើសូកប៉ាន់ដើម្បីបានទទួលក្របខណ្ឌជាមន្ត្រីរាជការ ឬជាកងកម្លាំងប្រដាប់អាវុធ គឺជាទង្វើផ្ទុយនឹងច្បាប់របស់កម្ពុជា។ ទង្វើបែបនេះ ត្រូវបានចាត់ទុកជាការប្រព្រឹត្តអំពើពុករលួយ ហើយអំពើពុករលួយនេះ នាំឱ្យបាត់បង់អំពើយុត្តិធម៌សង្គម និងត្រូវបានចាត់ទុកជាជំងឺមហារីកសង្គមដ៏គ្រោះថ្នាក់ផងដែរ។

អ្នកតាមដានបញ្ហាសង្គមទទូចដល់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់វិធានការក្តៅលុបបំបាត់អំពើពុករលួយបែបនេះ លុបបំបាត់ការសូកលុយដើម្បីបានក្របខណ្ឌទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា ការលុបបំបាត់អំពើពុករលួយនឹងជួយលើកស្ទួយប្រជាប្រិយភាពនៃការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ហើយក៏ធ្វើឱ្យសង្គមកាន់តែល្អប្រសើរផងដែរ។

ជុំវិញនៅព័ត៌មានដែលប្រជាពលរដ្ឋបានផ្ដល់មកដល់អង្គភាព VPN TV ONLINE យើង អង្គភាពយើងនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕សូមអរគុណ