ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា គឺប្រទេសកម្ពុជា និងប្រទេសថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។
ឯកឧត្តមបណ្ឌិតទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា បានថ្លែងថា «នៅល្ងាចថ្ងៃនេះខ្ញុំបានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយយើងទាំងពីរនាក់បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត»។
នៅក្នុងកិច្ចសន្ទនាប្រកបដោយក្តីរីករាយរវាងមេដឹកនាំថ្មីទាំងពីរនោះ, ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលទី១ ដែលបានទូរស័ព្ទអបអរសាទរជូនលោក បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។
សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ ៕