ខេត្តបន្ទាយមានជ័យ ៖ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាវជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជាជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖ ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២/-ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) ។
លោកស្នងការរងបានបញ្ជាក់ថា ៖ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងមាន ៖ ១/-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥, ២/-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០គ្រាប់, ៣/-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់, ៤/- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/- កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តឲ្យដឹងទៀតថា ៖ ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕