មន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ ប្រហែលជាដេកលង់លក់អស់មើលទៅ ខណៈពលរដ្ឋបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរអំពីបញ្ហាគម្របលូជាច្រើន បានបាត់ជាបន្តបន្ទាប់

21

ភ្នំពេញ៖មន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ  ប្រហែលជាដេកលង់លក់អស់មើលទៅ ខណៈពលរដ្ឋបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរអំពីបញ្ហាគម្របលូជាច្រើន បានបាក់ធ្លាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលអាចបង្កជាគ្រោះថ្នាក់កាន់តែខ្លាំង ជាពិសេសស្របពេលរដូវស្សាឈានចូលមកដល់ ក្នុងរួមមានទីតាំងទី១ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចក្បែរក្រសួងកិច្ចការនារី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ និងទី២ តាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


យោងតាមរូបភាពដែលអង្គភាពសារព័ត៌មាន VPN TV ONLINE យើងទទួលបាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌមានជ័យ បានបាត់គម្របលូជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺមិនឃើញមន្ត្រីជំនាញដាក់គម្របថ្មីនៅឡើយទេ ប៉ុន្តែបែរជាឃើញមានដុំថ្មមួយដុំធំ និងឧបករណ៍ផ្សេងៗជាសញ្ញាចំណាំទៅវិញ ដែលធ្វើឲ្យពលរដ្ឋជាច្រើនយល់ឃើញថា មិនត្រឹមតែមិនបានជួយអ្វីឡើយ ប៉ុន្តែបែរជាអាចបង្កគ្រោះថ្នាក់ទៅវិញទេ ពិសេសក្នុងពេលរដូវវស្សានេះតែម្តង។
ជុំវិញបញ្ហានេះពលរដ្ឋ ជាពិសេសអ្នកដំណើរលើដងផ្លូវខាងលើបានសំណូមពរដល់អាជ្ញាធរជំនាញ មេត្តារកដំណោះស្រាយលើបញ្ហានេះផង ជៀសវាងបង្កគ្រោះថ្នាក់នៅថ្ងៃក្រោយ ៕