កែច្នៃសំរាមប្លាស្ទិកផលិត«ឥដ្ឋអេកូ»

89

សំណល់សំរាមប្លាស្ទិកដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថានត្រូវបានប្រជាពលរដ្ឋខ្មែររួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា «ឥដ្ឋអេកូ»។

លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២៖ *ទី១.ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និង*ទី២.ការកាប់ឈើពីព្រៃធម្មជាតិ មកធ្វើជាអុស ដើម្បីដុតឥដ្ឋប្រពៃណី ឬឥដ្ឋបុរាណ។

លោក សុខ ធី បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេស និងការចុះពិនិត្យទីតាំងផលិតឥដ្ឋអេកូ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះថា ឥដ្ឋបុរាណ ដែលផលិតអំពីដីឥដ្ឋ ក៏បានបង្កជាហានិភ័យមួយចំនួនដល់អ្នកបំពេញការងារ ហើយដើម្បីបានឥដ្ឋមកប្រើ គេត្រូវការអុសយ៉ាងច្រើន ដើម្បីដុតវា។ ចំណែកឥដ្ឋអេកូ វាបានប្រើវត្ថុធាតុផ្សំដូចជា ស៊ីម៉ង់ត៍ ដីខ្សាច់ កម្ទេចសំរាមប្លាស្ទិក និងដីក្រហម យកមកលាយបញ្ចូលគ្នារួចបញ្ចូលទៅក្នុងពុម្ពជាការស្រេច។

ដោយមើលឃើញអំពីផលចំណេញលើផ្នែកបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានសហការក្នុងការអនុវត្តគម្រោងផលិតឥដ្ឋអេកូនេះឡើង។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក យុក សេងឡុង បានឲ្យដឹងថា ការប្រើប្រាស់ឥដ្ឋអេកូនេះ បានផ្តល់អត្ថប្រយោជន៍ធំៗបីយ៉ាង៖ *ទី១.បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដោយសារគម្រោងនេះ បានផ្តល់ការងារឲ្យពួកគាត់។ *ទី២.ប្រាក់កម្រៃដែលបានមកពីការលក់ឥដ្ឋនេះចំនួន ១០ភាគរយ ត្រូវបានប្រើប្រាស់នៅក្នុងការអភិរក្សធនធានជលផលរបស់កម្ពុជា និង*ទី៣ .បានជួយកាត់បន្ថយពីការបំពុលបរិស្ថាន ដែលបង្កឡើងដោយសំរាមប្លាស្ទិក។

លោកបន្តថា ក្រៅពីការផលិតឥដ្ឋអេកូនេះ អង្គការក៏បានជួយដល់ប្រជាពលរដ្ឋទាំងនោះឲ្យពួកគាត់បង្កើតជាមុខរបរកែច្នៃសំរាមប្លាស្ទិក ធ្វើជាផលិតផលផ្សេងៗផងដែរ៕