(ខេត្តសៀមរាប)÷ឧក្រិដ្ឋជនមួយក្រុមចូលរំដោះមេក្លោងជួញដូរគ្រឿងញៀន យកទៅបាត់ ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥២ឆ្នាំ ខណៈពេលសមត្ថកិច្ចបញ្ជូនទៅព្យាបាលឈឺធ្មេញនៅគ្លីនិកឯកជន
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នេះដោយជនសង្ស័យ១ក្រុមបើកបររថយន្ត Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា អ្នកទោសជនជាតិចិនដែល បក្សពួកមករំដោះទៅនោះ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។
ប្រភពបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ ។
លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ក្រុមមន្ត្រីពន្ធនាគារខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទោសរូបនោះ ។ ក្នុងពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែលេចមុខឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេច។
សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសឱ្យខានតែបាន៕