ខេត្តបាត់ដំបង÷ឯកឧត្តម ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារ ការអភិវឌ្ឍ និងសក្តានុពលរបស់ខេត្តទៅកាន់សាធារណជននៅកម្ពុជា និងនៅលើពិភពលោកឱ្យបានជ្រួតជ្រាប និងស្វែងយល់កាន់តែច្បាស់ចំពោះអ្វីដែលកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ខណៈខេត្តបាត់ដំបងគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការថ្លែងបែបនេះរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងក្នុងកម្មវិធីបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សារបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងស្រុកនិងមកពីខេត្តជាប់ព្រំដែនថៃ ទៅកាន់ខេត្តបាត់ដំបង។
ឯកឧត្តម ជួន ចាន់ភារុណ បានមានប្រសាសន៍បន្ថែមថា ខេត្តបាត់ដំបង គឺជាខេត្តដ៏ស្រស់ស្អាតមួយក្នុងចំណោមខេត្តដទៃទៀតនៅកម្ពុជា និងជាខេត្តធំជាងគេទី២បន្ទាប់ពីរាជធានីភ្នំពេញ។ បាត់ដំបងត្រូវបានគេស្គាល់ថា មានភាពស្រស់ស្អាត មានវប្បធម៌សម្បូរបែប មានទីតាំងប្រវត្តិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ បាត់ដំបងគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ។
ឯកឧត្តមទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា«ថ្វីត្បិតតែខេត្តមានសក្តានុពលជាច្រើនក៏ដោយ ប៉ុន្តែបញ្ហាសម្រស់និង ភាពទាក់ទាញនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ខេត្តត្រូវបានមើលរំលងដោយអ្នកសារព័ត៌មានក្នុងស្រុក»។
សូមរម្លឹកថា កម្មវិធីទស្សនកិច្ចសិក្សារបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាតិនៃបណ្តាខេត្តតាមព្រំដែនប្រទេសថៃមកកាន់ខេត្តបាត់ដំបង គឺជាកម្មវិធីទី២នៃគម្រោង “បណ្តុះបណ្តាលអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សា ដែលឧបត្ថម្ភដោយមូលនិធិពិសេសមគង្គឡានឆាង។ កម្មវិធីស្រដៀងនេះ ក្រុមការងារបានដឹកនាំមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាននៅខេត្តតាមព្រំដែនប្រទេសវៀតណាមទៅទស្សនកិច្ចខេត្តកំពត ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ អ្នកសារព័ត៌មានបានស្វែងយល់អំពីការអភិវឌ្ឍន៍របស់ខេត្ត និងទស្សនកិច្ចនៅតំបន់សក្តានុពលរបស់ខេត្តដូចជាស្រែអំបិល និងរោងចក្រផលិតបាវជាដើម។
ទន្ទឹមនេះ អ្នកសារព័ត៌មានដែលបានចូលរួមបានផ្សព្វផ្សាយអំពីខេត្តតាមរយៈអត្ថបទ និងព័ត៌មានរបស់ខ្លួន។
កម្មវិធីទស្សនកិច្ចមកកាន់ខេត្តបាត់ដំបងនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានឱ្យឈ្វេងយល់ និងផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងសមិទ្ធិផលនានាដែលខេត្តសម្រេចបានក្នុងពេលកន្លងមកនិង មានបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំខេត្តដើម្បីការផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពច្បាស់លាស់ និងទូលំទូលាយ។
នាឱកាសនោះដែរ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឱ្យដឹងថា ខេត្តបាត់ដំបង មានសណ្ឋាគារចំនួន៤៦ កន្លែង ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ៩៧ កន្លែង ស្មើនឹង ៣.១៥៣ បន្ទប់ និងភោជនីយដ្ឋាន-អាហារដ្ឋានចំនួន ១៩១កន្លែង សហគមន៍ទេសចរណ៍ចំនួន០៤ កន្លែង គឺសហគមន៍អេកូទេសចរណ៍ព្រែកទាល់ (ស្រុកឯកភ្នំ) សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច (ស្រុកសំឡូត) និងសហគមន៍ទេសចរណ៍វប្បធម៌ភូមិវត្តគរ ក្រុងបាត់ដំបង។
រយៈពេល៥ឆ្នាំ (២០១៨-២០២២) ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបងសរុប ២ ៥៧១ ៦៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២ ៣១៤ ១២៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២៥៧ ៥៦១ នាក់។
ព្រឹត្តិការណ៍ធំៗ ការសហការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០, ពិធីសង្ក្រាន្តបាត់ដំបងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ពិធីបុណ្យអុំទូកបណ្តែតប្រទីបខេត្ត កម្មវិធីឆ្លងឆ្នាំសកល និងពិធីតាំងពិព័ណ៏ផ្សេងៗជាច្រើនទៀត។…
លើសពីនេះទៅទៀត ខេត្ដបាត់ដំបង ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ (២០១៨-២០២០), ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤), ពានរង្វាន់ផ្ការំដួល៣ទង លើកទី១ និងលើកទី២។
ថ្មីៗនេះ ខេត្តបាត់ដំបងបានទទួលជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ២០២២៕