នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ មេបញ្ជាការគ្រប់កងឯកភាពយកចិត្តទុកដាក់ពង្រឹងសមត្ថភាពនាយទាហានសម្រាប់បន្តវេន

31

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយទាហាន នៅអគ្គបញ្ជាការដ្ឋាន។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំង ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសឧត្តមសេនីយ៍ឯក ណេប សន ដែលបានទទួលមរណភាព។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរំលឹកដល់គ្រប់មេបញ្ជាការកងឯកភាព ស្ថាប័ន ត្រូវយកចិត្តទុកដាក់ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពនាយទាហានសម្រាប់បន្តវេនទៅថ្ងៃអនាគត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ជាការពិត ការ៉ាប់រងនិងការទទួលខុសត្រូវភារកិច្ច ទាមទារនូវសមត្ថភាពជាចាំបាច់ ដែលត្រូវដើរទន្ទឹមគ្នាជាមួយនឹងគុណធម៌ សីលធម៌ វិន័យ និងសាមគ្គីភាពដ៏ទូលំទូលាយ។

ឯកឧត្តម បន្តថា កំណែទម្រង់ជាកត្តាសំខាន់ ដែលអគ្គបញ្ជាការ ក៏ដូចជាប្រភេទទ័ព និងទ័ពជំនាញ ត្រូវប្តេជ្ញាបន្តអនុវត្តដោយឥតងាករេ បើទោះបីជាត្រូវជួបបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី ក៏ត្រូវតែជម្នះឱ្យបាន៕