ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា៖ ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។
តាមរយៈសារក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្ដេចហ៊ុន សែន បានបង្ហាញថា៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ចាត់តាំង នាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រី ដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។
សម្ដេចហ៊ុន សែន បានបន្តថា បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។
ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។
សម្ដេចបានបញ្ជាក់ទៀតថា ៖ ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។
សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕