សៀមរាប ៖ បុរសម្នាក់ទៅចូលរួមកម្មវិធីមង្គលការផឹកស្រវឹងឡើងបើករថយន្ត ច្រឡំហ្គាថាហ្វ្រាំង បោលស្ទុះបុកចូលរោងការ បុកប៉ើងកូនកំលោះ កូនក្រមុំ កំពុងឈររងចាំទទួលភ្ញៀវ បុកទាំងភ្ញៀវ របួសសរុប៥នាក់ ភ្ញៀវរត់ចែកជើងគ្នាគេច ផ្អើលពេញរោងកម្មវិធី ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦៨ ភូមិជ្រោយនាងងួន ឃុំជ្រោងនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ជាប់ព្រំប្រទល់ជាមួយស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានខាងលើ មានរៀបចំពិធីមង្គលការមួយ ដែលកូនកំលោះ ជាជនជាតិខ្មែរ រីឯកូនក្រមុំ ជាជនជាតិហូឡង់ដ៍ ហើយខណៈដែលភ្ញៀវកិត្តយស មានជនជាតិខ្មែរ បងប្អូនមិត្តភ័ក្រ ហើយក៏មានភ្ញៀវជាជនជាតិបរទេសចំនួន១៤នាក់ផ្សេងទៀត មានជនជាតិហូឡង់ដ៍ចំនួន១៣នាក់ ជនជាតិវៀតណាមចំនួន១នាក់ ។
ក្នុងកម្មវិធីទទួលទានអាហារនោះ មានទាំងផឹកសុីផង ភ្ញៀវកំពុងនៅហូបចុកត្រៀបត្រា ច្រៀងរាំសប្បាយក្នុងរោង ស្រាប់តែនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃដដែលនេះ មានបុរសម្នាក់ជាភ្ញៀវដែរនោះ មានឈ្មោះ ឡំ ឡុញ អាយុ៤១ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងសភាពស្រវឹងស្រា បានងើបទៅបើករថយន្ត TACOMA ពណ៌ទឹកប្រាក់ ច្រឡំហ្គា ថាហ្វ្រាំង រថយន្តបោលស្ទុះបុកចូលរោងការ បុកកូនកំលោះ កូនក្រមុំ កំពុងឈរទទួលភ្ញៀវ ប៉ើងខ្ទាត ដូចរឿងកុនហូលីវ៉ូត រងរបួសសរុបចំនួន៥នាក់ ជនជាតិខ្មែរចំនួន២នាក់ ជនជាតិបរទេសចំនួន៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕សូមទស្សនាវីដេអូ ខាងក្រោម