កម្មករកម្មការិនីរោងចក្រប្រមាណជិត១០០នាក់រងរបួសធ្ងន់ស្រាលខណៈរថយន្តរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ

51

ខេត្តកំពង់ស្ពឺ÷កម្មករកម្មការិនីរោងចក្រប្រមាណជិត១០០នាក់បានរងរបួសធ្ងន់ស្រាលខណៈអ្នកបើកបររថយន្តក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្នលុះមកដល់ចំណុចផ្លូវកោងក៏រេចង្កូតធ្លាក់ពីផ្លូវបណ្តាលឲ្យក្រឡាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា,ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២៣។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ ។

រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករកម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រែ រងរបួសអ្នកជិះលើរថយន្ដ។

ប្រភពបានបន្តទៀតក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

វត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្នាយរងចាំដោះស្រាយនៅពេលក្រោយ៕