បញ្ចប់មុខតំណែងលោក រឹម វីរះ ចេញពីសមាគមយុវសិល្បករដើម្បីសន្តិភាព ក្រោយពីបែករឿង «ឆបោក» លុយពីប្រជាពលរដ្ឋជាច្រើនក្នុងស្រុកខ្មែរ

577

លោក រឹម វីរះ ដែលជាមន្ត្រីអាវុធហត្ថ ក្លែងក្លាយ ពេលនេះត្រូវបានសមាគមយុវសិល្បករដើម្បីសន្តិភាព ចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងចេញពីសមាគម នេះបើយោងតាម សេចក្តីសម្រេច ដែលសារព័ត៌មានយើង ទទួលបាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។

ការបញ្ចប់មុខតំណែងលោក រឹម វីរះ  ដែលរៀនបានថ្នាក់បណ្ឌិតខាងលើរូបនេះ គឺក្រោយពីមានការបែកធ្លាយ រឿង «ឆបោក» លុយពីប្រជាពលរដ្ឋក្នុងស្រុកខ្មែរ ជាច្រើនគ្រួសារ ដែលសរុបជាទឹកប្រាក់ខ្ទង់រាប់ពាន់មុឺនដុល្លារឯណោះ។

សូមបញ្ជាក់បន្ថែមពីលើនេះដែរថា៖ ប្រជាពលរដ្ឋ ជាច្រើនដែលត្រូវបានលោកបណ្ឌិត រឹម វីរះ លួងលោម «ឆបោក» បានបន្តប្រាប់មកកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៣ ខែសីហា ម្សិលមិញនេះថា៖ «មូលហេតុដែលពួកគាត់ចាញ់បោកបញ្ឆោត ដោយសារតែលោក រឹម វីរះ តែងតែលួងលោមពួកគាត់ ដោយប្រើប្រាស់ សមាសភាព ជាមន្ត្រីកងរាជអាវុធហត្ថ ដើម្បីយកលុយ ជាថ្នូរកហុក ថាជួយរកការងារឲ្យពួកគាត់ជាជនរងគ្រោះធ្វើក្នុងក្របមន្ត្រីអង្គការ ដោយលោក រឹម វីរះ ចេះតែអួតអាង ថាសមាសភាពខ្លួន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានតួនាទីជាមន្ត្រីអង្គការការពារបរិស្ថានសត្វព្រៃ ព្រៃឈើប្រទេសកម្ពុជា។

ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយសារផ្តល់លុយរត់ការចូលធ្វើជាមន្ត្រីអង្គការ ក៏មានជនរងគ្រោះម្នាក់ទៀតបានប្តឹង លោក រឹម វីរះ ពីបទ៖ «រំលោភលើទំនុកចិត្ត» ដែលមានទឹកប្រាក់ជិត ៥ពាន់ដុល្លារ ដែលជនរងគ្រោះរូបនេះ អះអាងថាលោក រឹម វីរះ ធានារត់ការដោះស្រាយរឿងប្លង់ដី តែផ្ទុយទៅវិញនៅពេលដែលលោក រឹម វីរះ បានលុយចប់សប់គ្រប់បែរជាបងជាទន្សាយដាក់មេព្រួច មិនព្រមធ្វើការតាមការសន្យា។

ទន្ទឹមនឹងការបញ្ចប់មុខតំណែងលោក បណ្ឌិត រឹម វីរះ ចេញពីសមាគមយុវសិល្បករដើម្បីសន្តិភាព ខាងលើនេះ ជួនពេលគ្នាទៅនិង ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធ ថា លោក រឹម វីរះ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថ នោះទេ (ពោលគឺ ក្លែងក្លាយ)។

ប្រជាពលរដ្ឋ ដែលត្រូវលោក រឹម វីរះ «ឆបោក» ក៏បានអំពាវនាវទទូចស្នើសុំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាជួយរក ដំណោះស្រាយជូនពួកគាត់ ខណៈលោក រឹម វីរះ ប្រើប្រាស់សមាសភាព ជាមន្ត្រីអាវុធហត្ថ ទៅបោកប្រាស់លុយពួកគាត់៕