រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គ្លីនិកកែសម្ពស្សមួយកន្លែង មានស្លាកយីហោ «អេស៨៨ ប៊ីយូធី ផ្សារធំថ្មី» បានកែសម្ពស្សឲ្យស្ត្រីម្នាក់ ដែលត្រូវបានគេដឹងថា គឺជាប្រពន្ធរបស់នាយពាក់មី។ ហើយក៏ត្រូវគេសង្ស័យថា អាចមកពីការខ្វះបច្ចេកទេស ទើបធ្វើឲ្យស្ត្រីរូបនោះ (ប្រពន្ធពាក់មី) មានអាការៈក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១១០ ផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ជា សុធីម អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ14Eo ផ្លូវជាតិ៥ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហើយបើប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ស្ត្រីរងគ្រោះវ័យ៤០ឆ្នាំរូបនោះ គឺជាភរិយារបស់តារាកំប្លែង នាយ ពាក់មី ផងដែរ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទទួលសេវាកម្មនៅគ្លីនិកកែសម្ពស្សមួយកន្លែង មានស្លាកយីហោ «អេស៨៨ ប៊ីយូធី ផ្សារធំថ្មី» កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលសេវាកម្មរួចរាល់ ស្ត្រីរងគ្រោះ (ប្រពន្ធពាក់មី) បានត្រឡប់ទៅគេហដ្ឋានវិញ ប៉ុន្តែពេលនោះស្រាប់តែមានអាការៈមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្តង។
ក្រោយពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ចក៏បានទៅដល់មន្ទីរពេទ្យ និងធ្វើការសាកសួរពីស្ថានភាពអាការៈរបស់ស្ត្រីរងគ្រោះ ព្រមទាំងបានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ រួចធ្វើដំណើរទៅកាន់ទីតាំងគ្លីនិកកែសម្ពស្សខាងលើ ដើម្បីធ្វើការត្រួតពិនិត្យផងដែរ។ ប៉ុន្តែម្ចាស់គ្លីនិកហាក់បីដូចជាបានដឹងដំណឹងនេះមុន ក៏បិទទ្វារគ្លីនិករបស់ខ្លួន ថែមទាំងបិទទាំងទូរស័ព្ទទាក់ទងមិនចូល រួចរត់គេចខ្លួនបាត់តែម្តង។
លុះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញារង ទី មុនិន្ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មាធិការចូលរួម រួមមាន ៖ អភិបាលរងខណ្ឌអធិការរង អនុការិយាល័យនិយតកម្មសុខាភិបាល ប្រធាននីតិកម្មខណ្ឌ ព្រមទាំងលោកចៅសង្កាត់ និងនាយប៉ុស្តិ៍ ចុះទៅធ្វើការត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផលបានរកឃើញថា គ្លីនិកខាងលើនេះ ពុំមានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលនោះទេ។
ក្រោយពីធ្វើការការត្រួតពិនិត្យរួច មន្ត្រីជំនាញបានចាប់យកវត្ថុតាងមួយចំនួន ដើម្បីយកទៅពិសោធន៍នៅក្រសួងសុខាភិបាល។ ហើយចំពោះទីតាំងខាងលើនេះដែរ ត្រូវបានគណៈកម្មាធិការធ្វើកំណត់ហេតុ សម្រេចបិទ និងផ្អាកដំណើរការជាបណ្តោះអាសន្ន។ រីឯម្ចាស់ទីតាំងខាងលើ កំពុងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ដើម្បីស្វែងរកខ្លួនអោយចូលមកបំភ្លឺក្នុងករណីនេះ និងចាត់វិធានការតាមនីតិវិធីច្បាប់នៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា បើតាមយោងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់នាយពាក់មី បានប្រាប់ឱ្យដឹងផងដែរថា ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី២ វេលាម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សេវា ជានរណា?