មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយតាម បណ្ដាញសង្គម

123

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិត របស់ហ្វេសប៊ុក ឈ្មោះ TNM ដែលបានផ្សព្វផ្សាយតាម បណ្ដាញសង្គម កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ដីពី ការចុះបង្ក្រាបគ្រឿងញៀននៅម្ដុំសាលា រៀនឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមចំណង ជើងថា: “ដល់កហើយ សមត្ថកិច្ចបន្ទប់ក៥ ចុចចុចធ្វើប៉ះចំខ្សែអ្នកព័ត៌មានប្រមូលភស្តុតាងបាន”។

ក្រុមប្រតិកម្មរហ័សរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា ៖
១.នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាននិងសំណូមពរពីប្រជាពល រដ្ឋស្ដីពីការលក់ចែកចាយគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ កម្លាំងក្រុម ជំនាញ(ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួក ជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន ០២រូប នាំយកមកមន្ទីរដើម្បីសាកសួរ ។

ក្រោយពេលសាកសួរឃើញថា យុវជនទាំង០២រូបពិតជា បានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។

សមត្ថកិច្ច បានឃាត់ពន្យល់អប់រំស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិកត្រូនិក ដែលពួកគាត់យល់ច្រឡំថាមិនខុសច្បាប់។

បន្ទាប់មកអង្គភាពបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។

២.ចំពោះរូបភាពនិងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះ”គឺតាំងពីបីឆ្នាំមុនមកម្លេះ” មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការ របស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TNM ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ចនិងការពារជនល្មើសតែប៉ុណ្ណោះ។

៣. ម្ចាស់ហ្វេសប៊ុក ឈ្មោះ TNM គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើង វិញនូវការផ្សាយរបស់ខ្លួន។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណ ដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរូម កែលំអ និងសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលស្របតាមទិសស្លោក “៣កុំ ១រាយការណ៍ “៕

ថ្ងៃព្រហស្បតិ៍ ២រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៣
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន