ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ច្បាស់ៗថា មានមូលហេតុ ៤ ដែលសម្ដេចសម្រេចចាកចេញ ពីតំណែងនាយករដ្ឋមន្ត្រី ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុទាំង៤នោះរួមមាន៖ ទី១. ការផ្ទេរតំណែងនៅពេលនេះ គឺមានស្ថេរភាព និងសុវត្ថិភាព ជាងពេលដែលយើងចាស់ ឬស្លាប់។ ទី២. ក្រុមយុវជនបន្តវេនបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីទទួលអម្រែកបន្តពីថ្នាក់ដឹកនាំជំនាន់មុន រួចហើយ។ ទី៣. ជំនាន់ចាស់ចាកចេញពីតំណែងដឹកនាំ ប៉ុន្តែមិនមែនចាកចេញពីឆាកនយោបាយទេ និង ទី៤. សភាពការណ៍គ្រប់ផ្នែកអនុគ្រោះឱ្យក្រុមបន្តវេនអាចចេញដំណើរបាន ៕