ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ពីបទ «ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទប្រមាថ» ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។
ជនត្រូវចោទទាំង២នាក់រួមមាន ទី១ឈ្មោះ ឌី សូរនាត ភេទស្រី អាយុ៣៩ឆ្នាំ ជាអតីតបុគ្គលិកធនាគារភ្នំពេញ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទី២ឈ្មោះភី អ៊ួក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ រោងចក្រ TOP SUMMIT GARMENT។
សូមជម្រាបថាកាលពីពេលថ្មីនេះ ជនប្រុសស្រីទាំងពីរនាក់នេះ បានធ្វើការបង្ហោះវីឌីអូតាមបណ្តាញសង្គម Tik Tok ខណៈជនត្រូវចោទឌី សូរនាត ភេទស្រី បានតាំងខ្លួនជាព្រះម៉ែគង្គា ដែលបង្កើតភពផែនដី ផ្ញើរសារផ្តាំផ្ញើ និងនិយាយចោទប្រកាន់ដោយឥតហេតុផល ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយជនត្រូវចោទម្នាក់ទៀតឈ្មោះភី អ៊ួក ភេទប្រុសបានកាត់តរូបភាព និងសំឡេងសម្តេចតេជោ ហ៊ុន សែន រួចយកទៅសរសេរបំភ្លៃខុសពីការពិត បង្កើតភាពវឹកវរ នាំឲ្យមានការយល់ច្រឡំក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ រួចក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនសន្តិសុខ តាមចាប់ខ្លួនជាបន្តបន្ទាប់ រួចបញ្ជូនទៅកាន់តុលាការ រហូតមានការឃុំខ្លួនតែម្តង។
ជាមួយគ្នានេះ មន្រ្តីនគរបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំធ្វើការចែកចាយបន្តទៀត នូវវីដេអូរូបភាព និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជនឈ្មោះ ភី អ៊ូក កាត់តនោះ ព្រោះការចែកចាយវីដេអូទាំងនេះ នាំឲ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់កិត្តិយថ្នាក់ដឹកនាំកំពូលរបស់យើងផងដែរ៕