ទីបំផុតកម្ពុជាទទួលបានលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ ខ្ពង់ខ្ពស់បំផុត កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
នេះបើយើងតាមសេចក្តីជូនដំណឹងរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។
សមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាព កម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់ គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត។
សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (38th WAGGGS Conference) កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និង សកម្ម ដើម្បីស្មើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់ រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។