ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧៖៣០នាទីល្ងាច ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលដែលកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅម្តុំរោងចក្រសាំហាន់នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីល្ងាច តាមផ្លូវលេខ១០៥ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននោះ គឺបន្ទាប់ពីជននេះសារភាពថា ខ្លួននិងបក្ខពួក២នាក់ទៀតបានជិះម៉ូតូដេញវាយប្លន់យកម៉ូតូជនរងគ្រោះនៅតាមផ្លូវក្នុងភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។
ចំណែកជនរងគ្រោះនៅក្នុងហេតុការណ៍នោះឈ្មោះ ឈឿន ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិរកាកោះ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហៀង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។សមត្ថកិច្ចដកហូតវត្ថុតាង ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆាំ្ន២០១៧ ពាក់ស្លាកលេខភ្នំពេញ1GM-6794 ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣ៈ០០នាទី ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងនៅតាមផ្លូវភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូហុងដាC110 បានយកដុំថ្ម វាយក្បាលជនរងគ្រោះបែកក្បាល រួចលើកម៉ូតូជិះគេចខ្លួនបាត់។
លុះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១៧ៈ៣០នាទីល្ងាច កម្លាំងល្បាតខណ្ឌ+ប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូមានការសង្ស័យបានឃាត់សួរនាំ និងប្រើវិធានការជំនាញសួររហូតជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក៣នាក់ បានវាយប្លន់ម៉ូតូរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ទួលសង្កែ១ ចាត់ការតាមនីតិវិធី។បច្ចុប្បន្នអធិការដ្ឋានខណ្ឌឫស្សីកែវ បានប្រគល់ជនសង្ស័យឱ្យអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕