ឧត្តមសេនីយ៍ទោ សាត គឹមសាន ដាក់បទបញ្ជាឲ្យបើកការស៊ើបអង្កេតលើការផ្សាយថា នគរបាលប៉ុស្តិ៍តាម៉ឺនធ្វើទារុណ្ឌកម្មក្មេងប្រុស

25

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះរូបភាព និងសរសេរខ្លឹមសារចោទប្រកាន់មន្រ្តីនគរបាលប៉ុស្តិ៍តាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលថា បានធ្វើទារុណ្ឌកម្មទៅលើក្មេងប្រុស នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាភ្លាមៗដល់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ជាមួយការិយាល័យបុគ្គលិក ស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់លើបញ្ហាដែលម្ចាស់គណនីខាងលើបានសរសេរបង្ហោះ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពបញ្ជាក់ទៀតថា ក្នុងករណីស្រាវជ្រាវរកឃើញថា មន្រ្តីនគរបាលដែលទទួលរងនូវការចោទប្រកាន់នោះបានប្រព្រឹត្តដូច្នេះមែននោះ មន្រ្តីនគរបាលរូបនោះនឹងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនចំពោះមុខច្បាប់ ចំពោះមុខវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិ។

ចំពោះករណីនេះ សមត្ថកិច្ចស្រាវជ្រាវឃើញថា នេះពុំមែនជាការពិតទេនោះ ម្ចាស់គណនីខាងលើក៏ត្រូវប្រឈមនឹងការចោទប្រកាន់ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ទម្លាក់កំហុសចំពោះមន្រ្តីអ្នកអនុវត្តច្បាប់ដោយចេតនាទុច្ចរិតផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំបិត) បង្កដោយក្រុមក្មេង១ក្រុម(មិនស្គាល់អត្តសញ្ញាណ)ដេញកាប់ទៅលើមនុស្សមួយក្រុមដែលកំពុងអង្គុយលេងនៅស្រះទឹកម្តុំបត់កង។ ក្រោយធ្វើសកម្មភាពរួច ភាគីបង្កបានជិះម៉ូតរត់គេចខ្លួន ប៉ុន្តែភ្លាមៗត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលដេញតាមចាប់ ខណៈភ័យស្លន់ជនបង្កជិះម៉ូតូដួលដោយខ្លួនឯង ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនបានចំនួន០៣នាក់។

ក្នុងនោះរួមមាន៖១-ឈ្មោះ រឿង ចន្ថា ហៅ វ៉ិត ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល (រងរបួសដួលម៉ូតូខ្លួនឯង), ២-ឈ្មោះជា រតនា ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (រងរបួសដួល ម៉ូតូ ខ្លួនឯង) និង៣-ឈ្មោះ ខុម សុឃីត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល(រង របួសដួល ម៉ូតូ ខ្លួនឯង)។

ជាមួយគ្នានោះ សមត្ថកិច្ចដកហូតសម្ភារៈតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០២២ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AS.5349 និង កាំបិតខ្វែវផ្លែដែកដងដែកប្រវែង៧៩សង់ទីម៉ែត្រ០១ដើម៕