ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ បានសម្រេច ហើយបុរសស្បែកខ្មៅរូបនេះ ខំជិះម៉ូតូដេញតាមក្រុមចោរក៏ជ្រុលទៅបុកបង្គោលភ្លើងដួលបោកទៅនិងខឿនចិញ្ចើមផ្លូវរងរបួសបាក់ជើងខាងស្តាំថែមទៀត។
ភ្លាមនោះ ក្រុមជនសង្ស័យក៏នាំគ្នាឆ្លៀតឱកាសលួចយកកាបូបលុយ រួចនាំគ្នាជិះរត់គេចខ្លួនបានប្រមោលមិនរំខានដល់សមត្ថកិច្ចនោះទេ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨៥ BT ភូមិចំរើនផល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមិត្តភ័ក្តិរបស់បុរសស្បែកខ្មៅ(ជនរងគ្រោះ)បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះរបស់គាត់នៅម្តុំភូមិចំរើនផល តាមផ្លូវបេតុងមួយកន្លែង ស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿង ជាប្រភេទអូតូ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់ជនរងគ្រោះបានសម្រេចហើយបន្ថែមល្បឿនជិះម៉ូតូគេចខ្លួនតាមផ្លូវ៨៥BT ។
ភ្លាមនោះជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលរងការបាក់ជើងខាងស្តាំធ្ងន់ធ្ងរ និងខូចខាតម៉ូតូយ៉ាងដំណំ ហើយក្រុមជនសង្ស័យ ខណៈឃេីញជនរងគ្រោះកំពុងរងរបួសដេកដួលទៅនិងថ្នល់នោះ ក៏ឆ្លៀតឱកាសមកលួចយកកាបូបលុយថែមទៀត ហើយជិះរត់គេចខ្លួនបាត់។ក្រោយកេីតហេតុ ទើបគេឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ រួចទំនាក់ទំនងហៅរថយន្តសង្គ្រោះឱ្យមកដឹកយកជនរងគ្រោះ ទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ។
ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ រង់ចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដេីម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលេីនេះ តាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕