អភិបាលរាជធានីភ្នំពេញ ជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋដែល​ជិះរថយន្ត​ក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោត

22

(ភ្នំពេញ)÷ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជូនដំណើរបងប្អូនកម្មករ និយោ​ជិត និង​បង​ប្អូនប្រជាពលរដ្ឋដែលអញ្ជើញធ្វើដំណើរជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃ​ទៅ​ស្រុក​​កំណើត​តាមបណ្តាខេត្តនានា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ​​កាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។


​ក្នុងពិធីជូនដំណើរ នាព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៣ នៅចំណុចចំណតខាង​មុខ​បញ្ជាការដ្ឋានកងរាជវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និង​ប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្ដក្រុង របស់​​សាលារាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី និយោជិត និងប្រជាពល​រដ្ឋ ទៅស្រុកកំណើត ដោយមិនគិតថ្លៃ ។


យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ​រថយន្ដក្រុងចំនួន៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣​ និងធ្វើដំណើរត្រឡប់ពីខេត្ដមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។
​ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅ​ក្នុង​រាជធានីភ្នំពេញ​ប្រើ​ប្រាស់រថយន្ដក្រុងចំនួន ៨០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនបងប្អូន​កម្មករ និយោជិត និងប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ និង​ពីបណ្ដាខេត្ដត្រឡប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្ដក្រុងចំនួន៣៥០គ្រឿង៕