កំពង់ធំ៖ មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) នៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត ( គ.ឃ.ប) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះបានចាប់ផ្តើមធ្វើសច្ចាប្រណិធាន ប្តេជ្ញាគោរពច្បាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌ និងដោយស្មោះត្រង់។
គួរជម្រាបជូនថា នៅរសៀលនេះ មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ បានធ្វើសច្ចាប្រណិធាននៅចំពោះទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ។
គួរជម្រាបបន្ថែមថា ការធ្វើសច្ចាប្រណិធាននេះ គឺក្នុងពេលប្រតិបត្តិការក្នុងមុខតំណែង និងក្នុងការបំពេញបេសកកម្មរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិ៧ ពួកគេសូមប្តេជ្ញាគោរពរដ្ឋធម្មនុញកម្ពុជា គោរពច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។
ពួកគេសូមប្ដេជ្ញាគោរព និងអនុវត្តតាមបាវចនារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឯករាជ្យអព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។ ពួកគេសូមសច្ចាថានឹងអនុវត្តអោយបានម៉ឺងម៉ាត់តាមក្រមសីលធម៌មន្ត្រីបោះឆ្នោត និងខិតខំបំពេញការងារ ដោយស្មោះត្រង់ មិនកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួកឡើយ៕