ភ្ញៀវទេសចរជាង ៧០០នាក់ ដែលជាប់គាំងនៅកោះរ៉ុង ត្រូវបានជួយសង្គ្រោះដឹកត្រឡប់មកក្រុងព្រះសីហនុវិញហើយ

17

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន ឯកឧត្តម គួច ចំរើន បានអះអាងថា ដោយសារតែថ្ងៃនេះអាកាសធាតុនៅខេត្តព្រះសីហនុរាងធូរស្រាល ហើយរលកក៏រៀងស្ងប់បន្តិច ទើបលោកបញ្ជាឱ្យយកកប៉ាល់ទៅដឹកភ្ញៀវទេសចរដែលកំពុងជាប់គាំងនៅតាមកោះឱ្យមកត្រឡប់មកដីគោកវិញ។


សូមជម្រាបថាប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង ស្នើនឹង០៦ជើង។ ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ។


ទោះបីអាកាសធាតុអំណោយផលជាងមុន ប៉ុន្តែអភិបាលខេត្តព្រះសីហនុក៏បានប្រាប់អាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុណាមួយ។ ជាមួយគ្នានេះឯកឧត្តមក៏បានប្រាប់ឱ្យមន្ដ្រីនគរបាលជើងទឹកត្រូវជិះអមដំណើរអ្នកទេសចរណ៍ ហើយអ្នកទេសចរនោះទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា។


កាលពីថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បានចេញសារសំឡេងអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។
ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ពលរដ្ឋ និងអ្នកនេសាទផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្នសិន ហើយប្រសិនពួកគាត់បានធ្វើដំណើរទៅតាមកោះ ក៏ត្រូវមានទំនាក់ទំនងមកខាងសហគមន៍ ឬអាជ្ញាធរដើម្បីឱ្យពួកគាត់បានត្រឡប់មកដីគោកវិញ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ព្យុះនឹងចូលមកសមុទ្រចិនខាងត្បូង និងបន្តឆ្ពោះមកសមុទ្រខាងជើងវៀតណាមអំឡុងថ្ងៃទី១៩ ខែកក្កដា នឹងធ្វើឱ្យតំបន់ទំនាប ខ្ពង់រាប និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ ហើយតំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងរលកខ្ពស់ៗ។ ដូច្នេះក្រសួងធនធានទឹក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតខាងលើនេះ៕