អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ យុទ្ធនាការឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី

70

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួមជាមួយផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៊ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។ យុទ្ធនាការនេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ដោយ​បា បានអំពាវនាវឱ្យមានការដោះលែងមន្ត្រីរបស់ខ្លួនចំនួន ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គូសបំផ្លាញសន្លឹកឆ្នោត។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបានបរាជ័យជាបន្តបន្ទាប់ តាមរយៈចម្លើយសារភាពរបស់សមាជិកបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៣ វិធានការច្បាប់ម៉ឺងម៉ាត់បាននិងកំពុងអនុវត្តប្រឆាំងនឹងក្រុមបំផ្លាញប្រជាធិបតេយ្យដោយញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ហើយនេះជាការឃុបឃិតក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ «យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ មិនមែនធ្វើត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ទណ្ឌិត សម រង្ស៉ី បានអះអាងថា អ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់»។


ប្រភពដដែលបានបន្តថា នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ យោងតាមការស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច, ក្រុមក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាននិងកំពុងសហការជាមួយមន្ត្រីនៃគណបក្សភ្លើងទៀនបង្កើតជាអង្គការចាត់តាំងខុសច្បាប់ធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយដែលរហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនល្មើសពីរនាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការគូសសន្លឹកឆ្នោតចោល គឺមានការពាក់ព័ន្ធនឹងផែនការឧទ្ទាមកម្មរបស់ក្រុមជនក្បត់ជាតិប្រឆាំងនឹងកម្ពុជា,សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតរហូតដល់លើសន្លឹកឆ្នោត។ អ្នកទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យជាមួយក្រុមជនក្បត់ជាតិ និងចូលរួមគាំទ្រផែនការធ្វើឧបឃាត ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែអ្នកដែលអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតត្រឹមត្រូវ គឺចូលរួមការពារ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ៕