ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ទាក់ទងទៅនិងថា មានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ៕