កណ្តាល៖ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារមណ្ឌលសកម្មភាពគណបក្សទាំង១៩ ក្នុងសង្កាត់ដើមមៀន។
ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ លោកប្រធាន-អនុប្រធានមណ្ឌលសកម្មភាពទាំង១៩ និងក្រុមលេខាធិការដ្ឋាន នៅទីស្នាក់ការគណបក្សសង្កាត់ដើមមៀន។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក ឈឿន សុចិត្ត មានប្រសាសន៍នាឱកាសនោះបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ លោកប្រធាន-អនុប្រធានមណ្ឌលសកម្មភាពទាំង១៩ និងក្រុមលេខាធិការដ្ឋាន នៅទីស្នាក់ការគណបក្សសង្កាត់ដើមមៀនដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា អនុវត្តកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោក ឈឿន សុចិត្ត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន ដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។