ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចូលរួមអបអរសាទរដល់ លោក វ៉ាន សុខវ៉ាត ដែលទទួលបានអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia ទៅបន្តការសិក្សានៅឯសាកលវិទ្យាល័យ Flinders University ក្នុងទីក្រុង Adelaide។
ប្រភពបន្តថា លោក សុខវ៉ាត នឹងជួបជុំជាមួយភរិយារបស់លោក គឺ អ្នកស្រី មិន ចិន្តា ដែលជាអ្នកទទួលបានអាហារូបករណ៍អូស្ត្រាលីដូចគ្នាផងដែរ។ សុខ វ៉ាត និង ចិន្តា មិនអនុញ្ញាតឱ្យភាពពិការភ្នែកបញ្ឈប់ពួកគេមិនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានោះឡើយ។ នេះពិតជាសមិទ្ធិផលដ៏គួរអោយស្ងប់ស្ងែងណាស់!
ប្រភពដដែលបន្ថែមថា អាហារូបករណ៍អូស្ត្រាលី ត្រូវបានបើកសម្រាប់ប្រជាជនកម្ពុជាពីគ្រប់មជ្ឈដ្ឋានយើងសូមលើកទឹកចិត្តដល់ស្ត្រី ជនមានពិការភាព ប្រជាជនមកពីតាមបណ្តាខេត្ត ជនជាតិដើមភាគតិច និងជនជាតិភាគតិច និងក្រុមដែលជួបការលំបាកខ្វះខាត ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍អូស្ត្រាលី។
ប្រភពបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៤ មក ប្រជាជនកម្ពុជាជិត ១០០០ នាក់ មានឪកាសបានទៅសិក្សានៅប្រទេសអូស្ត្រាលីតាមរយៈអាហារូបករណ៍អូស្ត្រាលី ហើយពួកគេបានក្លាយទៅជាអ្នកដឹកនាំក្នុងវិស័យជំនាញរបស់ពួកគេ៕