មណ្ឌលគិរី ៖បុរស់ម្នាក់សង្ស័យបែកថ្នាំ បានធ្វើសកម្មភាពដុតផ្ទះ គ្រានោះកម្លាំងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ០២គ្រឿងចុះអន្តរាគមន៍ភ្លាមៗ ស្ថិតនៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា២០២៣។
ជនសង្ស័យឈ្មោះអុីម ព្រិច ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពេលកំពុងធ្វេីសកម្មភាពដុតផ្ទះ។ វត្ថុតាងនៅជាប់ខ្លួនបុរសខាងលើ មានប្រេីកាំបិត ដំបង ជំពាមកៅស៊ូ គ្រានោះបុរសខាងលើបានធ្វើសកម្មភាពបាញ់មកលេីសមត្ថកិច្ចបណ្តាលឲ្យរងរបួសក្បាលម្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ថា បុរសដែលធ្វើសកម្មភាពដុតផ្ទះនេះ ជាជនជាប់ចោទស្រាប់ ដែលតុលាការខេត្តមណ្ឌលគិរី កាត់ទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទជួញដូរនិងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីឆ្នាំ២០២១ តែត្រូវរត់គេចខ្លួនបាត់កាលឆ្នាំកន្លងទៅ។
មកដល់ពេលនេះ អស់លាក់ត្រូវបានសមត្ថកិច្ចយើងចាប់ខ្លួនពេលកំពុងធ្វើសកម្មភាពដុតផ្ទះខ្លួនឯង៕