ពលរដ្ឋស្នើអាជ្ញាធរអន្តរាគមន៍ករណីសាឡង់បូមខ្សាច់បង្កសំឡេងរំខាន ទាំងថ្ងៃទាំងយប់!

2016

ដោយសារទ្រាំនឹងសំឡេងបូមខ្សាច់បង្កការរំខានដល់ការរស់នៅ និងការពុលដោយសារកាកសំណល់ប្រេងបង្ហូរចេញពីសាឡង់បូមខ្សាច់នោះ ពលរដ្ឋបានថតពីសកម្មភាពបូមខ្សាចមួយកន្លែងស្ថិតនៅទល់មុខសួនមាត់ទន្លេតាខ្មៅ ផ្ញើមកក្រុមការងារVPN TV ONLINE ដើម្បីជួយផ្សព្វផ្សាយពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ។


កន្លងមកពលរដ្ឋជាច្រើនគ្រួសារក៏បានដាក់ពាក្យបណ្តឹងទៅអភិបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យមានចំណាត់ការទៅលើក្រុមសាឡង់បូមខ្សាច់នេះដែរ។ តំណាងពលរដ្ឋចំនួន២១នាក់ បានស្នើកិច្ចអន្តរាគមន៍ពីលោកអភិបាលខណ្ឌច្បារអំពៅ ដើម្បីបញ្ឈប់ការរំខាន់ដោយសំឡេង ព្រមទាំងបញ្ឈប់ការបង្ហូរកាកសំណល់ប្រេងចូលក្នុងទន្លេ របស់គ្រឿងចក្របូមខ្សាច់។

ពលរដ្ឋបញ្ជាក់ថា មានសាឡង់បូមខ្សាច់ធំៗ២គ្រឿង បានមកចតនៅលើតាមទន្លេ ត្រង់ចំណុចក្រោយសាលាសង្កាត់ព្រែកថ្មី ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  តែងតែបញ្ចេញសំឡេងលឺរំខានទាំងយប់ទាំងថ្ងៃ ទោះជាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានក៏ដោយ នៅតែដំណើការធ្វើឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងទន្លេ។


ជាងនេះទៀត មានការបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន វត្ថុប្រើប្រាស់ និងលាមកជាដើម ចេញពីការដ្ឋានបូមខ្សាច់បន្តនេះ ចូលទន្លេដោយផ្ទាល់ ហេតុដូច្នេះធ្វើឱ្យបរិស្ថានជុំវិញ មានសភាពកខ្វក់ ខូចសោភ័ណ្ឌភាពទន្លេ។ បញ្ហាមួយទៀត បរិវេនក្រុមហ៊ុនបូមខ្សាច់ មានលេចចេញជាដីដុះ ធ្វើឱ្យទន្លេរាក់ ដីមានសភាពរាក់ទៅៗ ថយចុះការនេសាទនៅតំបន់នេះ ធ្លាក់ចុះភ្ញៀវទេសចរ ដែលតែងតែជិះទុកកម្សាន្តពីកោះពេជ្រ មកកាន់តំបាន់ក្រុងតាខ្មៅ ហើយកើនសម្រាមនៅលើដងទន្លេ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះក្នុងទឹកទន្លេ។


ពលរដ្ឋបានអះអាងទៀតថា លើសពីនេះទៀត ផ្លូវ៣៦៩ រងការខូចខាតជាដំណំ និងស្ពានព្រែកសំរោង ដោយសារមានឡានដឹកខ្សាច់ធំៗធ្វើអាជីវកម្មនៅតំបន់នោះជាអចិន្ត្រៃយ៍ និងធ្វើឱ្យផ្លូវ និងស្ពានពោរពេញទៅដោយភួកជ្រាំ និងខ្សាច់ ធ្វើឱ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅធ្វើការ ឬប្រកបរបរនៅតាមផ្លូវនេះ។

ពលរដ្ឋបានបន្តថា កន្លងមកធ្លាប់បានផ្តល់ព័ត៌មាននេះ ដល់អាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរសង្កាត់បានត្រឹមតែថា គេមានអាជ្ញាប័ណ្ណ ថាចាំសម្របសម្រួលឱ្យ និងប្រាប់ឱ្យពលរដ្ឋរងគ្រោះ មកជួបជាមួយជនបង្កដើម្បីដោះស្រាយនៅសាលាសង្កាត់។ អាជ្ញាធរមូលដ្ឋានបានជូនដំណឹងពីការរំខាននេះ តែមិនបញ្ឈប់ការដ្ឋាននេះទេ។
ពលរដ្ឋបានបង្ហាញការងឿងឆ្ងល់ថា ពាក់ព័ន្ធបញ្ហាអាជ្ញាប័ណ្ណ តើអាជ្ញាបណ្ណរបស់ក្រុមហ៊ុនឯកជនខាងលើមានសិទ្ធិធ្វើអ្វីបានគ្រប់បែបយ៉ាងឬ? ដូចជាធ្វើឱ្យមានសំឡេងរំខានខ្លាំងៗ បំផ្លាញធនធានធម្មជាតិ បរិស្ថានជុំវិញទន្លេ គាត់មានសិទ្ធិទាំងអស់នេះមែនទេ?


ហើយអាជ្ញាប័ណ្ណនេះ មានបញ្ជាក់អំពីទីតាំង ឬទីកន្លែងនៃការប្រកបអាជីវកម្មច្បាសលាស់ដែលឬទេ? ឬចេះតែបោះទីតាំងបូមខ្សាច់គ្រប់ទីកន្លែងបានតាមចិត្ត?
យ៉ាងណាមិញ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដានេះថា លោកនឹងចាត់លោកអភិបាលរង ដើម្បីចុះពិនិត្យនិងដោះស្រាយលើបញ្ហានេះ។ លោកអភិបាលខណ្ឌបន្តថា ការបូមខ្សាច់មានពេលវេលាម៉ោងត្រឹមត្រូវ ប៉ុន្តែបើការបើមិនបានគិតដល់បញ្ហានេះ ជាការខុសច្បាប់ហើយ។ លោកបានលើកឧទាហរណ៍ថា យើងមានលុយផឹកស៊ី តែបើផឹកស៊ីស្រែកឡូឡាដល់អ្នកជិតខាងនោះនឹងមានវិធានការហើយ។
…សំឡេង..
យ៉ាងណា ក្រោយការអះអាងពីលោកអភិបាលខណ្ឌច្បារអំពៅបែបនេះ ពលរដ្ឋបានបង្ហាញក្តីសង្ឃឹមថា បញ្ហាទាំងប៉ុន្មានខាងលើនេះ នឹងត្រូវបានដោះស្រាយ ដើម្បីការរស់នៅរបស់ពលរដ្ឋ និងការឈប់បំផ្លាញធនធានធម្មជាតិបន្តទៀត៕