សម្ដេចតេជោ៖ វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ-បារាំង ដែលពលីជីវិតក្នុងសង្រ្គាមលោកលើកទី១ ជាការដាស់តឿនកុលបុត្រខ្មែរ ឱ្យស្គាល់តម្លៃសន្តិភាព

33

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ-បារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី១ គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ និងចូលរួមទប់ស្កាត់សង្គ្រាមកុំឱ្យកើតមានឡើងវិញផងដែរ។

ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី១ ចន្លោះពីឆ្នាំ១៩១៦-១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ»។

សូមជម្រាបថា កាលពីសម័យអាណានិគមនិយមបារាំង កងទ័ពស្ម័គ្រចិត្តខ្មែរត្រូវបានបញ្ជូនទៅធ្វើសង្គ្រាមនៅប្រទេសបារាំង ដើម្បីទប់ទល់នឹងការឈ្លានពានរបស់អាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៩) ប៉ុន្តែពួកគាត់មួយចំនួនត្រូវបានពលីជីវិតក្នុងសង្គ្រាមនោះ៕