អ្នកនាំពាក្យ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីអង្គរក្សជិះម៉ូតូតាមឡាន Roll Royce ធាក់ម៉ូតូពលរដ្ឋឱ្យដួល

88

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឱ្យដឹងថា ករណីអង្គរក្សពីរម៉ូតូមានគ្នាបួននាក់ដែលបានជិះតាមរថយន្តម៉ាក Roll Royce ពណ៌ខ្មៅ ហើយធាក់ម៉ូតូពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវចាក់អង្រែក្រោមឱ្យដួល និងបានចុះរករឿងថែមទាំងរកវាយទៀតនោះ ពេលនេះសមត្ថកិច្ចរាជធានីភ្នំពេញកំពុងតាមដាន និងបើកការស្រាវជ្រាវ។ ​

នៅក្នុងពេលថ្មីៗនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា “គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន” បានបង្ហោះសារថា “មុននេះបន្តិចខ្ញុំបានឃើញហេតុការណ៍មួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គរក្សចរិតដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទងបានព្យាយាមជិះទៅកៀរគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីរមុខ ហើយជែងមិនផុតព្រោះគាត់ជិះយឺត ហើយក៏បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ។”

គណនីហ្វេសប៊ុកដដែលបានបន្តថា “ខ្ញុំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួន ឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាត់ជិះទេ? បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថាបងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដ៏ទេ មិនមែនចរិតពាលជិះកៀរចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូឱ្យជៀសផ្លូវហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើល និងបង្រៀនកូនចៅឱ្យមានសីលធម៌ ក្នុងការបើកបរផងដែរ សូមអរគុណ។”

សូមជម្រាបថា ក្រោយពីមានការបង្ហោះបែបនេះពីសំណាក់គណនីហ្វេសប៊ុកខាងលើ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ដគ្នា ភ្ជាប់ជាមួយនឹងការរិះគន់ជាខ្លាំងផងដែរ ដោយបង្ហាញការមិនពេញចិត្តទៅលើអង្គរក្សទាំងនោះ៕