ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា

22

កំពង់ស្ពឺ៖ អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានការ គឺជាចូលរួមរំលឹកជាថ្មី ដើម្បីធានាថាអង្គបោះឆ្នោត មិនចាញ់បោកតាមចេតនាជំរុញ ចលនាបំផ្លាញសន្លឹកឆ្នោត។

ការណែនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងក្នុងជំនួបជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ ស្រុកគងពិសី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២ លទ្ធផលសន្លឹកឆ្នោតឥតបានការទូទាំងប្រទេសមានចំនួនមួយគួរឲ្យកត់សម្គាល់។ ផ្អែកលើចំនុចនេះហើយ គឺជាមូលដ្ឋានដែលថ្នាក់ដឹកនាំសមាជិក សមាជិកា សកម្មជន គណបក្សប្រជាជន បាននិងកំពុងបន្តចូលរួមសកម្មភាពយ៉ាងហ្មត់ចត់ក្នុងការណែនាំអំពីនីតិវិធី និងរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានការនៅតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តមអះអាងថា «ការបង្ហាញ និងសាកល្បងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គឺជាការចូលរួមបន្តរម្លឹកជាថ្មីអំពីព័ត៌មានសំខាន់ៗ ដើម្បីធានាថាលោកតា លោកយាយ អ៊ំពូ មីង សមាជិក សមាជិកា គណបក្ស និងអង្គបោះឆ្នោតមិនចាញ់បោកតាមចេតនាជំរុញចលនាបំផ្លាញសន្លឹកឆ្នោត ដោយក្រុមជនអគិតមួយចំនួន»។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ដែលមានរូបទេវតាជាសញ្ញាសម្គាល់៕