(ឧត្តរមានជ័យ)ពលរដ្ឋធ្វើដំណើរទៅមកលើផ្លូវច្រោះបាក់ដាច់ដោយសារតែកត្តាធម្មជាតិជំនន់ភ្លៀងមានការត្អូញត្អែរហើយរអ៊ូរទាំខណ:ពេលដែលទៅធ្វើស្រែចំការម្តងៗ ផ្លូវដែលបាក់ដាច់នេះត្រង់ចំណុចអូតាម៉ាស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយផ្លូវនេះរងខូត ដោយសារតែជំនន់ទឹកភ្លៀងកាលពីឆ្នាំចាស់កន្លងមកដោយ ខាងអាជ្ញាធរក៏ពុំទាន់ ធ្វើការស្ថាបនាជួសជុលឡើងវិញនោះដែររហូតមកដល់សព្វថ្ងៃនេះមានរយ:ពេល២ឆ្នាំមកហើយ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងផ្លូវដែលដាច់ត្រង់ចំណុចខាងលើបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែពីចំណុចអូរតាម៉ារហូតដល់បឹងត្រពាំងវែង បើតាមគោដឹងផ្លូវនេះដែរកន្លងមកគឺខាងមន្ទីរអភិវឌ្ឍន៍ជនបទ ជាអ្នក ធ្វើឡើងក្រោយមកក៏ត្រូវ ជំនន់ទឹកភ្លៀង ហូរបុកមកខ្លាំងកាត់ផ្តាច់ធ្វើឲ្យផ្លូវនេះដាច់រហូតមកដល់ពេលសព្វថ្ងៃនេះបានឈានចូលដល់រដូវវស្សាវិញគឺរយៈពេល២ឆ្នាំពេញតែម្តង។ មួយវិញទៀតក៏ពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាមកស្ថាបនាជួសជុលផ្លូវនេះដែរ ទុកឲ្យនៅមេម៉ាយរហូតមកដល់សព្វថ្ងៃ ចំពោះផ្លូវនេះ គឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល បើខែប្រាំងយើងអាចវាងបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាក។
ជុំវិញការលើកឡើងនិងការស្នើរសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនូវបញ្ហានេះផងដែរ លោកហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះកន្លងមកខាងសង្កាត់គេស្នើរឲ្យមន្ទីរជួយធ្វើបានរួចរាល់ជាស្ថាពរអស់ហើយ តែក្រោយមកទៀតជំនន់ទឹកភ្លៀងក៏បានហូរបុកផ្តាច់ ហើយ ចំពោះផ្លូវត្រង់ចំណុចដែលបាក់ដាច់នេះគឺលោកបានឲ្យក្រុមការងារធ្វើការតភ្ជាប់ម្តងជាពីរដងហើយ និងដាក់សំណើរទៅខាងថ្នាក់លើរួចហើយដែរ។
លោកប្រធានមន្ទីរអភិវឌ្ឍន៏ជនបទដដែលបានលើកឡើងបន្ថែមថា ដោយឡែកផ្លូវនេះបើសិនជាតភ្ជាប់វិញក៏នៅតែបាក់ដដែលពីថាផ្លូវចំណុចចំមុខទឹកធំនៅពេលភ្លៀងមកទឹកហូរបុកខ្លាំងនៅតែដាច់បន្តទៀត។ហើយបញ្ហានេះលោកក៏បានធ្វើរបាយការណ៏ដាក់ជូនទៅថ្នាក់លើដើម្បីស្នើរសុំកញ្ចប់ថវិការធ្វើឡើងវិញនូវផ្លូវដែលបាក់ដាច់ចំណុចអូរតាម៉ានេះ ដោយធ្វើជាទំនប់បង្ហូរទឹកវិញទើបបានជាប់ល្អឡើងវិញ។