ជនដៃដល់ជាប្ដីផឹកស្រាស្រវឹងខឹងប្រពន្ធជេរស្ដីបន្ទោស និងជះទឹកនោមក្នុងកន្ថោរដាក់ខ្លួន ទាញកាំបិតប៉័ងតោកាប់ទាំងប្រពន្ធ ទាំងកូនឲ្យរងរបួសធ្ងន់ធ្ងរ

56

ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រឡប់មកពីជួបជុំផឹកស៊ីវិញ ត្រូវប្រពន្ធជេរស្ដីបន្ទោស រហូតប្រតាយប្រតប់គ្នា រួចក៏ទាញកាំបិត ប៉័ងតោ មកកាប់ប្រពន្ធ និងកូនស្រី របួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ជនរងគ្រោះទី១ ឈ្មោះ ផល ស៊ាងរ៉ា អាយុ៣៩ឆ្នាំ របួស ៥ កន្លែង ទី២ ឈ្មោះ ចាន់ ឌី អាយុ១៥ឆ្នាំ រងរបួស២ កន្លែង។ ចំណែកជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ មុនកើតហេតុ ជនសង្ស័យ ចេញពីផឹកស៊ីត្រឡប់មកដល់ផ្ទះ ជនរងគ្រោះ ជាប្រពន្ធ បានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ តែប្រពន្ធមិនព្រមឈប់ទេ និងបានយកទឹកនោមក្នុងកន្ថោរ មកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ ទៅលើប្រពន្ធជាច្រើនកាំបិត ពេលកូនស្រីឈ្មោះ ចាន់ ឌី មកជួយ ក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យ រងរបួសធ្ងន់ទាំង ២នាក់តែម្តង។

ក្រោយពីកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាតខ្លួនដើម្បីបន្តនិតិវធីតាមផ្លូវច្បាប់។