ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាជារឿងគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀត។
តាមរយៈបណ្ដាញតេឡេក្រាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖
«ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ កក្កដា បានឲ្យដឹងថា អាមេរិក មានផែនការបញ្ជូន គ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង កងកម្លាំងឈ្លានពានរុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយ តែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែម ដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ៕