រតនគិរី៖ ករណីពុលស្រាស្លាប់កម្មករដែលធ្វើការនៅក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី គិតត្រឹមថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៣ នេះ បានស្លាប់ ១០ នាក់ហើយ ក្នុងនោះកម្មករនិយោជិត ៥នាក់ ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន ។ គិតត្រឹមថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៣ នេះ មានជនរងគ្រោះសរុប ១១នាក់ បានស្លាប់បាត់បង់ជីវិត ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ ។
ពាក់ព័ន្ធករណីនេះ ត្រូវបានលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមនិងមន្ទីរជំនាញពាក់ព័ន្ធបានខិតខំប្រឹងប្រែងដុតដៃដុតជើងទាំងយប់ទាំងថ្ងៃក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕