មន្ត្រីនគរបាលម្នាក់ ដែលជាអ្នកកាងទំនិញ ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ចា.ប់ខ្លួនក្រោយពីផ្ទុះ អា វុ ធ ក្នុងបុព្វហេតុកាងទំនិញ

771

ខេត្តតាកែវ÷មន្ត្រីនគរបាលមួយរូបដែលជាអ្នកកាងទំនិញដ៏សកម្មពីប្រទេសវៀតណាម ចូលកម្ពុជាក្នុងភូមិសាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្មីៗនេះ ហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿង គ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តតាកែវនៅថ្ងៃទី៤ខែ កក្កដានេះ។ មន្ត្រីនគរបាលរូបនេះត្រូវគេនិយាយថាបានផ្ទុះអាវុធ ក្នុងបុព្វហេតុកាងទំនិញ បង្កឱ្យភ្ញាក់ផ្អើល និងប៉ះពាល់ ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ប្រភពបានរាយការណ៍ថា នៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ ២០២៣ វេលាម៉ោង០៨ និង៤០នាទី នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិបន្ទាយ​ ឃុំជីខ្មារ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ:​ និងប្រេីប្រាស់អាវុធដោយខុស ច្បាប់​ បានកេីតឡេីង​ បង្កដោយឈ្មោះ​ ណុប​ សំបូរ​ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ មានទីលំនៅភូមិកំពង់អំពិល​ ឃុំ-ស្រុកបូរីជលសារ​ ខេត្ត តាកែវ​ ជិះរថយន្ត០១គ្រឿង​ ម៉ាក FORD RANGER WILDTRAK ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ1BY -9899 បានធ្វេីសកម្មភាព​រារាំង (បិទគូថ)​ និងបានដកកាំភ្លេីងខ្លីបាញ់ចំនួន០៥គ្រាប់​ ដេីម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល​។

លុះមកដល់ថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២៣​ ដោយមានបទបញ្ជាពីលោកស្នងការ​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់​ ដឹកនាំដោយលោក​វរ:សេនីយ៍ឯក​ យុង​ ញីវ​ នាយការិយាល័យ​ ចុះធ្វេីការស្រាវ​ជ្រាវ​នៅកន្លែងកេីតហេតុ​ បានរកឃេីញសម្បកគ្រាប់កាំភ្លេីងពណ៌ទឹកប្រាក់ចំនួន០១គ្រាប់​។

ដោយមានការសម្របសម្រួលនីតិវិធីពី​លោកព្រះរាជ អាជ្ញា​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានឃាត់ខ្លួនឈ្មោះ​ ណុប​ សំបូរ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក់GLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់​ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់)​ បង់កាំភ្លេីងចំនួន០១​ និងរថយន្ត០១គ្រឿង​ ម៉ាក់FORD RANGER WILDTRAK ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ1BY-9899 យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។

ប្រភពនិយាយថា លោក ណុប សំបូរ ជាអ្នកកាងទំនិញនៅក្នុងភូមិសាស្ត្រខេត្តតាកែវ តែងតែបង្កការអុកឡុកគ្រប់រូបភាពជាពិសេសនៅពេលដែលរថយន្តដឹកទំនិញនានាមិនទាន់បង់ប្រាក់ឲ្យខ្លួនគឺតែងតែឃាត់បង្ខំអោយបងប្រាក់ដាក់ខែដោយមិនឲ្យរួចខ្លួនមួយណាឡើយ។ ជននេះបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទោះយប់ឬថ្ងៃមានការភ័យខ្លាចជាខ្លាំង។ គេសង្ឃឹមថាបុគ្គលម្នាក់នេះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕