ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ ។
បើតាមហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពាននេះ មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ ហើយគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ ៕