សម្ដេច ស ខេង អំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា

53

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ការអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង បែបនេះបានធ្វើឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ខណៈអញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបាណន់ ខេត្តបាត់ដំបង។

នាឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ និងឃុំទូទាំងស្រុកបាណន់ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។