ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយរឿងរ៉ាវលួចដឹកធ្យូងអូសជាច្រើនរថយន្តតាមច្រកអូររំដូល ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងចូលទៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវយ៉ាងគគ្រឹកគគ្រេង លោក ញឹក គង្គា ប្រធានទំនាក់ទំនងច្រកនិងជាមន្ត្រីយោធាបានឲ្យប្រាប់បណ្ដាញសារព័ត៌មាន The Mirror News ឲ្យដឹងថា លោកគ្រាន់តែជួយមើលក្បាលឡានឲ្យគេទេ ហើយគេឲ្យ២០០០០រៀលក្នុង១ក្បាលឡាន ដោយឡែកឈ្មោះ ស្ងួន សុខហ៊ាន ទាហានកងពល៥៣ និងជានាយរងក១ ទើបជាអ្នកមើលការងារនិងកាងធំឲ្យខាងថៅកែថៃឈ្មោះ វណ្ណលីដា។
លោក ញឹក គង្គា បានឲ្យដឹងបន្តថា លោកមិនមែនជាអ្នកទិញលក់ធ្យូងទេ ប៉ុន្តែខាងថៅកែថៃ គេឲ្យលោកជួយមើលក្បាលឡានឲ្យគេ ព្រោះលោកស្គាល់ខាងថៃ។ លោកបន្តថា អ្នកដែលរត់ក្បាលឡានដូចលោក មិនមានតែម្នាក់លោកទេ គឺមានច្រើននាក់ទៀត ដូចជាឈ្មោះ ស្ងួន សុខហ៊ាន និងមានអ្នកកំប៉ិកកំប៉ុក ១ឡាន ២ឡានផ្សេងទៀត ដែលអាស្រ័យលើខាងថៅកែថៃអ្នកអោយជួយមើល។
លោក ញឹក គង្គា បន្តទៀតថា លោកឆ្ងល់ថា អ្នកដែលគេយកលុយគឺគយឯណោះទេ ហើយគេឲ្យក្បាលលោក២ម៉ឺនរៀល ជួនកាលមួយអាទិត្យបាន១ឡាន ជួនកាលបាន២ឡានគ្រាន់ដាក់កាតអីទេ។
លោកប្រធានទំនាក់ទំនងច្រកអូររំដូលបានទទួលស្គាល់ថា កន្លងមកមានតែលោកនិងឈ្មោះ ស្ងួន សុខហ៊ាន ទេនៅច្រកហ្នឹង ដែលជាធម្មតាការងារនៅច្រក លោកគ្រាន់តែជាប្រធានទំនាក់ទំនងទេ លោកមិនមានសិទ្ធិទៅលូកលាន់ការងារអស់ហ្នឹងទេ ព្រោះជាការងាររបស់គយ និងជាច្រករបស់ប៉ូលិស ហើយលោកគ្រាន់តែជាទាហានតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ឲ្យដឹងថា រាល់ទំនិញទាំងអស់ បើគយមិនអនុញ្ញាត អ្នកណាហ៊ានចេញ ទាល់តែគយអនុញ្ញាត យល់ព្រមក្នុងតម្លៃណាមួយទើបគេហ៊ានចេញ ហើយកន្លែងនោះមានការគ្រប់គ្រងរបស់ខេត្តគឺប្រធានច្រកគេជាអ្នកធំនៅហ្នឹង ហើយប៉ូលិសជាអ្នកបើកផ្លូវ។ លោកជាអ្នកទំនាក់ទំនង លោកគ្មានសិទ្ធិបញ្ជាឲ្យចេញឬចូលទេ លោកគ្រាន់តែជាអ្នកធ្វើការងារទំនាក់ទំនងព្រំដែនទេ។ ព្រោះថៃឲ្យលោកជួយមើលក្បាលឡានដើម្បីបានលុយ១ម៉ឺន, ២ម៉ឺនរៀលគ្រាន់រួចបាយ ហើយពីរបីថ្ងៃឃើញចេញពីរបីឡានអីទេ បើតាមលោកស្ដាប់តាមអ្នកទិញ។
លោក ញឹក គង្គា បានបន្តទៀតថា ធ្យូងទាំងអស់នោះគឺមានថៅកែថៃជាអ្នកដើរទិញដោយមានគោដាន់(ឃ្លាំង)សម្រាប់ស្តុកទុកនៅស្រុកខ្មែរ ហើយឃ្លាំងភាគច្រើនគឺជារបស់ថៃ។
គួរជម្រាបជូនថា ទាក់ទិនករណីខាងលើនេះ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងតាមប្រព័ន្ធទូរស័ព្ទថា លោកបានប្រាប់ឲ្យភ្នាក់ងារព័ត៌មានយើងទៅទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ព្រោះថាលោកបានប្រជុំជាមួយបញ្ជាការឯកភាពជាមួយឯកឧត្តមអភិបាលខេត្តហើយថា តំបន់ណាមានបញ្ហាគឺគណៈបញ្ជាការឯកភាពស្រុកនៅទីនោះធ្វើការដោះស្រាយ។ លោកផ្កាយ២បន្តថា ពាក់ព័ន្ធជាមួយសារព័ត៌មានគឺឲ្យរដ្ឋបាលស្រុកជាអ្នកធ្វើការបំភ្លឺទៅកាន់សារព័ត៌មាន។ លោកស្នងការបន្ថែមថា លោកនៅឯណេះគឺរងចាំតែការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្តទេ៕