ព្រះមហាក្សត្រ ស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ

14

ភ្នំពេញ៖ ព្រះករុណាជា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ រស់នៅភូមិទ្រាប និងសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពបង្ហាញ អោយឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាអម្ចាស់នៃយើងដែលព្រះអង្គ បានបន្ត ស្នាព្រះហត្ថដ៏ឧត្តុងឧត្តមពីសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គ មានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៅគ្រប់ពេលវេលាចំពោះសុខទុក្ខ របស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយ និងការខិតខំយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ស្ថាប័នកំពូលជាតិ និងសប្បុរសជន នៅគ្រប់មជ្ឃដ្ឋានក្នុងការជួយសង្គ្រោះប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រដែលងាយទទួលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ខ្យល់ព្យុះ គ្រោះរាំងស្ងូតជាដើម និងដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា ៕