លោក សាយ សំអាល់៖ យើងត្រូវខិតខំបម្រើពលរដ្ឋឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីពង្រឹងជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង

20

(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។

ការលើកឡើងរបស់លោក សាយ សំអាល់ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងដំណាក់កាលទី១ និងទិសដៅអនុវត្តបន្ត។

ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុរួមនឹងសមាជិកសមាជិកាទាំងអស់ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមបើកពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតនាពេលខាងមុខ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការជ្រើសរើសយកមេដឹកនាំខ្លួនពេញចិត្ត ដែលបានរស់នៅ និងជួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានចាត់ទុកការបោះឆ្នោតនេះនឹងធ្វើឱ្យកម្ពុជាយើងមានភាពច្បាស់លាស់ថែមទៀតក្នុងការតម្រង់ទិសការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាន់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ប្រជាជនមានចំណូលខ្ពស់ ហើយជាពិសេស អ្នករស់នៅក្នុងខេត្តព្រះសីហនុ បានទទួលការអប់រំខ្ពស់ មានការងារធ្វើ និងទទួលបានចំណូលកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍជឿនលឿននៃប្រទេស ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិកាគណបក្សទាំងអស់ និងប្រជាជនកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភ័ក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងអំពាវនាវសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕