ភ្នំពេញ៖ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនៃអនាគតដែលមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ រួមទាំងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន នៅក្រោមបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ គឺសន្តិភាព និងស្ថិរភាព ។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់បន្តថា ដូច្នេះ ក្នុងនាមសកម្មជនយុវជនបក្ស ដែលទទួលបានទំនុកចិត្តរបស់បក្សឱ្យចូលរួមអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺត្រូវចងចាំថា យើងទទួលបានទាំងសិទ្ធិ និងការទទួលខុសត្រូវ ហើយត្រូវប្រតិបត្តិការងារលើមូលដ្ឋាននៃគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” សំដៅធ្វើយ៉ាងណាសម្រេចទិសដៅគោលនយោបាយរបស់បក្ស និងលទ្ធផលល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ ៕