ឯកឧត្តម គួច ចំរើន ស្នើសុំឱ្យបងប្អូនចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសុខសន្ដិភាព ស្ថេរភាពប្រកបដោយនិរន្ដភាពការងារ ដែលជាឆ្នាំងបាយរបស់បងប្អូន

16

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថ្ងៃនេះយើងបានធ្វើការជួបជុំគ្នា ក្នុងគោលបំណង ដើម្បីពង្រឹង រឹតចំណងទំនាក់ទំនងការងារ និងស្វែងយល់គ្នា រវាងមន្ត្រីគយ និងរដ្ឋាករ ជាមួយវិស័យឯកជន ពិសេសបងប្អូនដែលកំពុងបំពេញការងារនៅសាខាគយ និងរដ្ឋារកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ បងប្អូនទទួលសិទ្ធិពីអ្នកនាំចេញ-នាំចូល គឺជាអន្តរការីមួយដ៏សំខាន់ក្នុងការបំពេញបែបបទបញ្ចេញទំនិញ និងបង់ពន្ធ ព្រមទាំងអាករផ្សេងៗ ជូនរដ្ឋបាលគយឱ្យបានគ្រប់ និងលើសផែនការដែលបានកំណត់។ ការផ្តល់សេវាកម្មដ៏ល្អរបស់បងប្អូនជាកត្តាមួយដ៏សំខាន់ផងដែរក្នុងការអូសទាញ និងបង្កើននូវកំណើនទំនិញនាំចេញ-ចូលតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ សូមបងប្អូនបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាជូនអតិថិជនរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត នោះមានន័យថាបងប្អូនក៏បានរួចចំណែកជួយបង្កើនសង្វាក់សេដ្ឋកិច្ច និងអាចបង់ចំណូលចូលថវិកាជាតិបានលឿន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត អបអរសាទរពិធីជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ចំនួន ២៣០នាក់ និងបុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន ៣០នាក់។

ឯកឧត្តម គួច ចំរើន នេះជាគំនិតផ្ដួចផ្ដើមរៀបចំចងក្រងសមាគមតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ ដែលជាក្រុមបំរើការងារក្រៅប្រព័ន្ធ ដើម្បីមានសិទ្ធិស្នើសុំប័ណ្ណរបបសន្ដិសុខសង្គម (បសស) សម្រាប់ទទួលបានអត្ថប្រយោជន៍សង្គមពីរាជរដ្ឋាភិបាលកម្ពុជា ហើយបានស្នើឱ្យលោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជួយសម្របសម្រួលជាមួយបងប្អូន។

ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើសុំឱ្យបងប្អូន (តំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ) ចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសុខសន្ដិភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពប្រកបដោយនិរន្ដភាពការងារ ដែលជាឆ្នាំងបាយរបស់បងប្អូន។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចំនួន ២៣០នាក់ បុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ៕