ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស យើងទាំងអស់គ្នាមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ។
ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត បន្តថា ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ, ស្នាដៃ, សមិទ្ធផល, លក្ខន្តិកៈ, កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន, សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក, កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍ ៕