ល្បិចឪពុកអ្នករើសអេតចាយ កូនកម្មការិនីរោងចក្របានសមគំនិតគ្នាឆបោកប្រាក់អ្នកដទៃចំនួន១០ម៉ឺនដុល្លារ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅតុលាការ

44

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលជាប់ពាក់ពន្ធក្នុងអំពើឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ក្រោមរូបភាពសមគំនិតគ្នាខ្ចីប្រាក់អ្នកដទៃចំនួន១០ម៉ឺនដុល្លារមិនសង ថែមទាំងដាក់តម្កល់ឯកសារក្លែងទៀតផង ។

ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ សុខន ហៅ ទេព ប៊ុនសេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅផ្ទះលេខ៦៦ ភូមិញញឹម សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ជឹម ណាវី ហៅ ហាំ ហៅ កិ រស់ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដីថ្មី សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ ទួន រស្មី ហៅ ទេព បុប្ផា ភេទស្រី អាយុ២២ឆ្នាំ (កូនទេព ប៊ុនសេង) មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះស្ថិតនៅលើដៃលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងក្រោយពីសាកសួររួច តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យទាំង៣នាក់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះគឺមានឈ្មោះ ហៀង ស្រីរ័ត្ន ភេទស្រី មុខរបរជាអ្នករកស៊ី ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា លើកទី១-ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សមួយក្រុម (ប្តីប្រពន្ធ) រួមទាំងជនសង្ស័យ៣នាក់ខាងលើផង បានសមគំនិតគ្នាជាចង្កោម ទៅខ្ចីប្រាក់ពីឈ្មោះ ហៀង ស្រីរ័ត្ន ចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយបានដាក់ឯកសារវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានទីតាំងស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ដីទំហំ៥៣១ម៉ែត្រការ៉េ) អត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅតម្កល់ឱ្យដើមបណ្តឹងដើម្បីមានការជឿទុកចិត្ត ។

លើកទី២នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សដដែលនោះបានបង្កើតក្រុមមួយថ្មីទៀតទៅខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣០ម៉ឺនដុល្លារអាមេរិក ដោយបានយកឯកសារវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលមានដីទំហំ៥.៦៦៣ ម៉ែត្រក្រឡាទៅដាក់តម្កល់ឱ្យដើមបណ្តឹង ។

ប៉ុន្តែពេលលើកទី២នេះដោយសារទំហំទឹកប្រាក់ខ្ពស់ពេក ដើមបណ្តឹងក៏បានសុំចុះបន្ទុកនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ តែក្រុមនោះមិនព្រមឱ្យទេ ដូច្នេះដើមបណ្តឹងមានការសង្ស័យក៏បានទៅឆែកមើលឯកសារពាក់ព័ន្ធនៅក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ទើបដឹងថា ឯកសារទាំងអស់សុទ្ធតែក្លែងក្លាយ  ដើម្បីក្លែងបន្លំខ្ចីប្រាក់ ។

ដោយដឹងថាទង្វើជនសង្ស័យមួយក្រុមនេះមានគំនិតទុច្ចរិតហើយនោះ ទើបនៅថ្ងៃទី១៧ ខែកុម្ភៈ ជនរងគ្រោះបានណាត់ជួបពួកគេនៅផ្ទះ ដើម្បីធ្វើឯកសារប្រគល់ប្រាក់ តែជនរងគ្រោះក៏បានប្តឹងសមត្តកិច្ចរួចហើយដែរឱ្យជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅអនុវត្តច្បាប់ ដែលមានឈ្មោះ៣នាក់ខាងលើ ឪពុកជាអ្នករើសអេតចាយ កូននិងអ្នកសមគំនិតជាកម្មការិនីរោងចក្រ ចំណែកបក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន ។

តែទោះជាយ៉ាងនេះក្តីមតិបានលើកឡើងថា ជនរងគ្រោះបានខាតបង់អស់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិករួចទៅហើយ បើកុំដឹងតែទាន់ត្រូវអស់៣០ម៉ឺនដុល្លារទៀត សំណួរសួរថា ចាប់ជនឆបោក ទាំងនោះបានហើយ ត្រូវច្របាច់កយកអីមកវិញ បើពួកគាត់សុទ្ធតែមានមុខរបរជាអ្នករើសអេតចាយ និងកម្មការិនីរោងចក្រ បែបនេះ៕