ដីបឹងសាធារណៈរបស់រដ្ឋទំហំ១៧ហិកតាត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រឈូសឆាយវាតទីរុញព្រៃចោលដើម្បីឱ្យ គ្រឿងចក្រ S.K ជីកកកាយយកអាចម៍ដីលក់ជាប្រយោជន៍ឯកជនយ៉ាងគគ្រឹកគគ្រេងក្រោមហេតុផល «ស្ដារមេទឹកនិងមានការអនុញ្ញាតពីលោកមេឃុំសំបូរនិងលោកអភិបាលស្រុក បាធាយ»។ នេះបើតាមប្រភពទើបទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពបានឱ្យដឹងថា ដីបឹងដែលឈ្មួញកំពុងដាក់គ្រឿងចក្រជីកកកាយនោះឈ្មោះ «មេទឹកគន្ធរ» មានទំហំប្រមាណជា១៧ហិកតា ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ប្រភពបន្តថា ថៅកែគ្រឿងចក្រខាងលើ មានរហ្សនាម «ហ៊ាថៃ»។ ហើយគ្រឿងចក្រខ្នាតធំរបស់គាត់ប្រើ S.K ចំនួន៣គ្រឿង និងរថយន្តបែនចំណុះ៥តោនជិត១០០គ្រឿង សម្រាប់ដំណើរការឈូសឆាយដីសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្មដឹកជញ្ជូនអាចម៍ដីលក់គ្មានស្រាកស្រាន។
ប្រភពបន្ថែមថា ជារៀងរាល់ថ្ងៃក្រុមរថយន្តទាំងនោះធ្វើការដឹកអាចម៍ដី ចេញពីរណ្ដៅ «មេទឹកគន្ធរ» ត្រង់ចំណុចខាងលើ មកចាក់នៅដីឡូត៍១កន្លែង នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ប្រភពបន្តថា ក្រុមរថយន្តបែនដឹកដីរហ្សនាម«ហ៊ាថៃ» ធ្វើការដឹកជញ្ជូនរាល់ថ្ងៃ គ្មានឈប់ឈរ តាំងពីព្រលឹមទល់ព្រលប់ដោយស្រោចទឹកមិនទៀងទាត់និងមិនគ្របស្បៃមុងឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេសនោះឡើយជាហេតុនាំឱ្យអាចម៍ដីជ្រុះរប៉ាត់រប៉ាយនៅលើដងផ្លូវ បង្កជាធូលីហុយទ្រលោម ពេលមេឃក្ដៅ និងបែកផុកពេលមេឃភ្លៀង។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជាពិសេសក្រុមតៃកុងរថយន្តបែនរហ្សនាម«ហ៊ាថៃ»បើកលឿនៗជែងគ្នា ប្រសេកប្រសាចពេញផ្លូវធ្វើឱ្យពលរដ្ឋ ព្រួយបារម្ភនិងភ័យខ្លាចចំពោះសុវត្ថិភាព កូនចៅពួកគាត់ដោយក្រែងជួបគ្រោះថ្នាក់ជាយថាហេតុ។
បើតាមប្រភពបានឲ្យដឹងយ៉ាងនេះថា ការជីកយកដីមេទឹករបស់រដ្ឋមកធ្វើអាជីវកម្មផ្ទាល់ខ្លួននេះដែរគឺពួកគាត់ពុំបានផ្ដិតមេដៃស្នើសុំស្ដារ ឬមានការប្រជុំផ្សព្វផ្សាយជូនដំណឹងអ្វីឡើយ។ពោលគឺសង្ស័យឈ្មួញនិងអាជ្ញាធរត្រូវគ្នាជាប្រព័ន្ធក្នុងការបែងចែកផលប្រយោជន៍ ទើបអាចប្រព្រឹត្តសកម្មភាពបានយ៉ាងរលូនបែបនេះ។
ទាក់ទិនករណីនេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មេការគ្រឿងចក្រ ដែលមានរហ្សនាម«ហ៊ាថៃ»បានទទួលស្គាល់ថារណ្ដៅដី«មេទឹកគន្ធរ» ដែលខ្លួនកំពុងជីកកកាយនោះគឺពិតជាដីសាធារណៈរបស់រដ្ឋប្រាកដមែន។
បើតាមមេការគ្រឿងចក្រដដែលបញ្ជាក់ថា ខ្លួនមានសិទ្ធកាយយកដីរដ្ឋមកធ្វើអាជីវកម្មបែបនេះក៏ព្រោះតែមានការអនុញ្ញាតពីលោកមេឃុំសំបូរ រួមនិងលោកអភិបាលស្រុកបាធាយដោយផ្អែកថា «គម្រោងស្ដារមេទឹកឱ្យជ្រៅ ដើម្បីបានទឹកប្រើប្រាស់»។
បើតាមការចោទថា តើរត់ការអស់ប៉ុន្មានទើបអាចយកដីរដ្ឋមកធ្វើអាជីវកម្មបែបនេះ..?។ ត្រង់ចំណុចនេះលោកមេការថា លោកមិនដឹងទេ មិនច្បាស់ទេ។
បើតាមការឆ្លើយតប របស់ លោក ខឹម គឹម មេឃុំសំបូរនៅព្រឹកទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា លោកពុំបានអនុញ្ញាតឱ្យគ្រឿងចក្រកាយដី «មេទឹកគន្ធរ» នោះឡើយ។ លោកមេឃុំបន្តថា លោកអនុញ្ញាតឱ្យកាយមេទឹកចំនួន៣ ក្នុងភូមិចុង ឃុំសំបូរ៖ទី១-មេទឹកអញ្ចាញ,ទី២-មេទឹកក្រុងលាយនិងទី៣-មេទឹករាំងធំ។ ចំពោះការកាយ«មេទឹកគន្ធរ»នោះលោកមេឃុំសំបូរ បញ្ជាក់ថាលោកមិនដឹងទេ។
បើតាមលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ចាមបានឲ្យអ្នកកាសែតដឹងថា លោកពុំបានដឹងទេរឿងកាយដី «មេទឹកគន្ធរ»អីទាំងនុង។លោកបន្តថា បើគេជីកកកាយមែនប្រហែលមានការអនុញ្ញាត ពីរដ្ឋបាលស្រុកបាធាយហើយ។ រីឯលោក ផេន សុផល អភិបាលស្រុកបាធាយមិនអាចសុំការបញ្ជាក់បានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។ចំណែកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក៏មិនអាចសុំការបកស្រាយបានដែរ ខណៈពេលឮសំនួរ លោកចុចបិទទូរស័ព្ទ។ទោះជាមិនមានការបកស្រាយ ពីមន្ត្រីជំនាញបែបនេះក្ដី ប៉ុន្តែលោកមេភូមិចុង បានអះអាងថា ការជីកដី«មេទឹកគន្ធរ» ចំនួន១៧ហិកតានោះ គឺមិនមានច្បាប់អនុញ្ញាតទេ ហើយក៏ពុំមានស្នាមមេដៃ ពលរដ្ឋស្នើសុំស្ដារមេទឹកអ្វីដែរ។ បើតាមលោកមេភូមិ ការយកដីរដ្ឋមកធ្វើអាជីវកម្មនេះ គឺខុសច្បាប់ទាំងស្រុង។
ប្រភពព័ត៌មានបានខ្សឹបឲ្យដឹងទៀតថា ជារើយៗនៅក្នុងមូលដ្ឋានស្រុកបាធាយ គេសង្កេតឃើញក្រុមឈ្មួញធំៗ តែងតែប្រើលេសជ្រកក្រោមហេតុផល គម្រោងស្ដារ ឬយកកសិករមកធ្វើជាខែលដើម្បីបំពេញបែបបទ ក្នុងការឈូសឆាយវាតទី ដីជម្រកត្រីពងកូន អាងស្តុកទឹក ដីមេទឹក យកមកធ្វើអាជីវកម្មដើម្បីបំពេញមហិច្ឆតាខ្លួនដោយមានភ្លើងខៀវពីអាជ្ញាធរ៕