នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមប្រតិភូអមដំណើ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយប៉ុស្តិរដ្ធបាលទឃុំ និងបងប្អូនអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងជាច្រើននាក់ផងដែរ ។
ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ លោកតា បងប្អូន មីងមា និង អតីតយុទ្ធជនទាំងអស់ ដែលសម្ដេចមានសេចក្តីនឹករឭក និងយកចិត្តទុកដាក់ គិតគូរគ្រប់បែបយ៉ាង ដល់អតីតយុទ្ធជនរបស់យើង ដោយមិនបំភ្លេចបានឡើយ។